ឥណ្ឌូណេស៊ី​ គាំទ្រ​ជំរុញ​ទេសចរណ៍​វ៉ាក់សាំង និង​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​

​ស្ថានទូត​ឥណ្ឌូណេស៊ី​បានបង្ហាញ​ការគាំទ្រ និង​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់ ឥណ្ឌូណេស៊ី​-​កម្ពុជា និង​ការជំរុញ​ឲ្យ​មាន​ចលនា​ទេសចរណ៍​វ៉ាក់សាំង​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ នាពេល​ឆាប់ៗ​ខាងមុខនេះ​។

​នេះ​តាម​ការបញ្ជាក់​របស់ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុងឱកាស​អញ្ជើញ​ចូលរួម​កម្មវិធី Famtrip នៅ​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “Exploring the Land of Sunda”​។​

​ក្នុង​សុន្ទរកថា​បើ​កម្មវិធី ឯកឧត្តម Sudirman Haseng អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ដែល​ទទួលបាន​ជោគជ័យ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស គឺ​ភាពជោគជ័យ​លើ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​លើសលប់​។


​
ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ដែល​កំពុង​រស់នៅ​កម្ពុជា​ផងដែរ​។ ​កម្មវិធី Famtrip នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ការទូត និង​វិស័យ​ផ្សេងៗ ដូចជា​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាដើម តាមរយៈ​ការអញ្ជើញ​សមាគម​ទេសចរណ៍ និង​ទីភ្នាក់ងារ​ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ ដើម្បី​ផ្សព្វផ្សាយ​នូវ​គោលដៅ​ទស្សនា​នៃ​ប្រទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី​។​

​ឯកឧត្តម​អគ្គរដ្ឋទូត ក៏បាន​អបអរសាទរ​កម្ពុជា ក្នុងនាម​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ (ATF 2022) នៅ​ខេត្ត​ព្រះសីហនុ នា​ដើមឆ្នាំ​២០២២​ខាងមុខនេះ​។ ឯកឧត្តម​បញ្ជាក់ថា រដ្ឋមន្ត្រី​ទេសចរណ៍​ឥណ្ឌូណេស៊ី​នឹង​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close