កូរ៉េខាងជើង ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២២

ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន (Kim Jong Un) បាន​ថ្លែងថា ប្រទេស​របស់លោក​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់ «​ការតស៊ូ​ដ៏​ធំធេង​មួយ​» នៅ​ឆ្នាំក្រោយ ដើម្បី​បន្តធ្វើ​ឱ្យមាន​ការរីកចម្រើន​លើ​វិស័យ​នានា រួមទាំង​វិស័យ​ការពារជាតិ កសិកម្ម និង​សំណង់​។​

​លោក គីម ជុង​អ៊ុន បានធ្វើការ​កត់សម្គាល់​ដូចខាងលើ​នេះ កាលពី​ថ្ងៃ​ពុធ​នៅឯ​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ ដែល​កំពុង​កាន់អំណាច​។ បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក គីម ជុង​អ៊ុន បាន​ថ្លែង​ទៀតថា ខណៈដែល​ប្រទេស​នេះ​នៅតែ​ប្រឈមមុខ នឹង​ការលំបាក​ផ្នែក​សេដ្ឋកិច្ច គណបក្ស​បានទទួល​ជោគជ័យ​ក្នុងការ​ជំរុញ ឱ្យសម្រេចបាន​នូវ​គោលដៅ​គោលនយោបាយ និង​ការអនុវត្ត​សេដ្ឋកិច្ច​រយៈពេល ០៥​ឆ្នាំ​ដែល​លោក​បានបង្ហាញ​នៅ​ដើមឆ្នាំ​២០២១​នេះ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​, លោក គីម ជុង​អ៊ុន បាន​ព្យាយាម​ជំរុញ​ផែនការ​ស្រោចស្រង់​សេដ្ឋកិច្ច និង​ការផ្គត់ផ្គង់​ថាមពល ជាមួយនឹង​ផែនការ​របស់លោក​។ តែ​ទោះជា​យ៉ាងណា ទីភ្នាក់ងារ​នៃ​អង្គការសហប្រជាជាតិ (UN) ទើបតែ​បានប្រកាសថា កង្វះ​ស្បៀងអាហារ និង​អគ្គិសនី​កំពុងតែ​កើនឡើង​យ៉ាងធ្ងន់ធ្ងរ​នៅ​កូរ៉េខាងជើង ដោយសារ​ការដាក់ទណ្ឌកម្ម លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​លពី​សំណាក់​អន្តរជាតិ ក៏ដូចជា​វិធានការ​ទប់​ទប់​ជំងឺ COVID-19 និង​គ្រោះមហន្តរាយធម្មជាតិ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close