អង់គ្លេស អនុម័តឥ្យប្រើថ្នាំលេបព្យាបាល COVID-19 ប្រភេទថ្មី មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស អូមីក្រុង

ឡុងដ៍៖ ការព្យាបាលថ្មីមួយត្រូវបានអនុម័តនៅក្នុងចក្រភពអង់គ្លេស សម្រាប់អ្នកជំងឺដែលឆ្លងវីរុសកូវីដ១៩ ដោយក្រុមហ៊ុនផលិតថ្នាំព្យាបាលមេរោគនេះបាននិយាយថា វាក៏អាចប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង បានផងដែរ។

ថ្នាំនេះត្រូវបានគេហៅថា sotrovimab គឺសម្រាប់អ្នកកូវីដដែលមានអាការៈ “កម្រិតស្រាលទៅមធ្យម ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ” នេះបើយោងតាមនាយកដ្ឋានសុខភាពចក្រភពអង់គ្លេស។ Xevudy គឺជាឈ្មោះយីហោសម្រាប់ថ្នាំដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថ GSK និង Vir Biotechnology ។
ក្រុមហ៊ុនឱសថ GlaxoSmithKline នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ការវិភាគមន្ទីរពិសោធន៍នៃការព្យាបាលជំងឺកូវីដ១៩ ផ្អែកលើអង់ទីគ័រដែលខ្លួនកំពុងអភិវឌ្ឍជាមួយដៃគូអាមេរិក Vir បានបង្ហាញថា ថ្នាំរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនផលិតថ្នាំអង់គ្លេសមួយនេះបាននិយាយថា ការធ្វើតេស្តមន្ទីរពិសោធន៍ និងការសិក្សាលើសត្វកណ្តុរបានបង្ហាញថា ថ្នាំ Sotrovimab មានសមត្ថភាពប្រឆាំងនឹងមេរោគដែលត្រូវបានបង្កើតឡើងដោយវិស្វកម្មជីវសាស្ត្រ ដោយមេរោគនេះមានផ្ទុកបម្រែបម្រួលសំខាន់ៗមួយចំនួនដូចទៅនឹងវីរុសបំប្លែងថ្មី អូមីក្រុង ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្តកំពុងបន្ត ដើម្បីបញ្ជាក់លទ្ធផលប្រឆាំងនឹងការប្រែប្រួលរបស់វីរុស អូមីក្រុង ទាំងអស់ ហើយការធ្វើបច្ចុប្បន្នភាពត្រូវបានគេរំពឹងទុកថា នឹងបញ្ចេញនៅចុងឆ្នាំនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។