ឥណ្ឌូនេស៊ី​៖ ភ្នំភ្លើង​កម្រើកខ្លួន​ស្លាប់​និង​របួស​ជាច្រើន​

​យ៉ាងហោចណាស់​ក៏មាន​មនុស្ស ១៣​នាក់​ស្លាប់​និង​រាប់សិប​នាក់​រងរបួស ហើយ​ពលរដ្ឋ​រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញពី​ផ្ទះសម្បែង​ទៅកាន់​តំបន់​មាន​សុវត្ថិភាព​ក្រោយ​ភ្នំភ្លើង Semeru នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។ ក្រុម​ជួយសង្គ្រោះ​បានធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ជួយ​មនុស្ស​១០​នាក់​ជាប់គាំង​ដោយ​ភ្នំភ្លើង​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូ​ណេ​ស៉ី (BNPB) នៅ​ថ្ងៃអាទិត្យ​នេះ បាន​ឲ្យ​ដឹងថា ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង Semeru នៅ​កោះ​ជ្វា បាន​ផ្តាច់ជីវិត​មនុស្ស​កើន​ដល់​យ៉ាងហោច ១៣​នាក់ ហើយ​បង្ក​ឲ្យ​ជិត​១០០​នាក់​ផ្សេងទៀត ទទួលរង​របួស​។​

​ភ្នំភ្លើង Semeru ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​ប្រចាំ​នៅ​កោះ​ជ្វា កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ បាន​ផ្ទុះ​ជះ​ផេះ​និង​ដុំ​ពពក​ដ៏​ក្តៅគគុក ឡើង​ទៅលើ​ផ្ទៃ​អាកាស ដែល​បាន​គ្របដណ្តប់​ភូមិ​ជាច្រើន​នៅ​ជុំវិញ​នោះ ក្នុង​ខេត្ត​ជ្វា​ខាងកើត ជាហេតុ​បណ្តាល​ឲ្យ​មនុស្សម្នា នាំគ្នា​រត់​ភៀសខ្លួន​ទាំង​ភ័យ​តក់ស្លុត​។​

​តាម​សារព័ត៌មាន BNPB បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃអាទិត្យ​នេះ​ថា មនុស្ស​យ៉ាងតិច​១៣​នាក់ បាន​បាត់​បង់ជីវិត ក្រោយ​ប​ន្ទុះ​ភ្នំភ្លើង​ខាងលើ​។ ចំណែក​មនុស្ស​៩៨​នាក់​ទៀត បាន​រងរបួស ក្នុងនោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ ២​នាក់​ផងដែរ និង​៩០២​នាក់ ត្រូវបាន​ជម្លៀស​ខ្លួន​ទៅកាន់​កន្លែង​សុវត្ថិភាព​។​

​ភ្នំភ្លើង Semeru ដែលមាន​កម្ពស់​ជាង ៣,៦០០​ម៉ែត្រ គឺជា​ភ្នំភ្លើង​មួយ ក្នុងចំណោម​ភ្នំភ្លើង​សកម្ម​សរុប​ជិត​១៣០​កន្លែង នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៉ី​។ វា​ធ្លាប់បាន​ផ្ទុះឡើង​ម្តង​ដែរ​កាលពី​ខែមករា ដើមឆ្នាំ​នេះ ប៉ុន្តែ​មិនបាន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់ រងគ្រោះថ្នាក់​ឡើយ នាពេលនោះ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close