ផ្លូវជាតិ​លេខ​១១ ត្រូវបាន​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការហើយ នៅព្រឹកនេះ!

​ខេត្តព្រៃវែង​៖ ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​១១ ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់​ពី​មូលដ្ឋានគ្រឹះ​នៃ​សុខសន្តិភាព ដែល បានផ្តល់​ឱកាស​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ស្តារ និង​កសាង​ប្រទេសជាតិ​ឡើងវិញ ព្រមទាំង​បោះជំហាន​យ៉ាងរឹងមាំ​លើ​មាគ៌ា​អភិវឌ្ឍន៍ និង​ទទួលបាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ​ស្របតាម​ពាក្យស្លោក “​មាន​សន្តិភាព គឺមាន​ការអភិវឌ្ឍ និង​មាន​អ្វីៗ​ទាំងអស់​ដូច ពេល​សព្វថ្ងៃនេះ​”​។
​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ និង​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​រាជរដ្ឋាភិបាល កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​នាំ​មកឱ្យ​កម្ពុជា នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ពេញលេញ ព្រមទាំង​ការអភិវឌ្ឍ សង្គម​-​សេដ្ឋកិច្ច លើ​គ្រប់​វិស័យ​ទាំង​នៅ​ទីក្រុង និង​ជនបទ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវថ្នល់ គោរព​ច្បាប់ ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា និង​បន្ត​ចូលរួម​អនុវត្ត​វិធានការ “៣​កុំ និង ៣​ការពារ​” តាម អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​វិធានការ​ផ្សេងៗ​ដទៃទៀត​របស់​ក្រសួងសុខាភិបាល នៅក្នុង​បរិបទ​នៃ​ការរស់នៅ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ជាមួយ​កូ​វីដ​-១៩​។​

​ជាទី​បញ្ចប់​នៃ​របាយការណ៍​ថ្លែង​ទៅកាន់​អង្គ​ពី​ធី ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ​ជា​ឱឡារិក ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ កម្ពុជា ដែល​បានលើកឡើង​កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២១ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៧​ខ្សែ​នៅ​ក្រុងព្រះសីហនុ ក្នុងការ​ប្រកាស​គាំទ្រ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​។​

​ជាមួយគ្នា​នោះ​ផងដែរ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ទៅកាន់​អង្គពិធី​នាឱកាស​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សម្តែង​មោទនភាព​ចំពោះ​សមិទ្ធផល​សម្រេចបាន​នៃ​ការអភិវឌ្ឍន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ស្ពាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​សុភាសិត​បុរាណ​ខ្មែរ​ដែលថា​៖ “​មាន​ផ្លូវ​មាន​ក្តី សង្ឃឹម​” និង​សុភាសិត​ចិន​ថា​៖ “​ចង់​មាន​ត្រូវធ្វើ​ផ្លូវ​មុន​”​។​

​បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាធរ​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ និង​ភាគី​ពាក់ព័ន្ធ​ទាំង អស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​រួមសហការ​យ៉ាងសកម្ម រួមជាមួយ​ក្រុមហ៊ុន​សាងសង់ និង ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ធ្វើឱ្យ​សម្រេច​នូវ​សមិទ្ធផល​ផ្លូវជាតិ​លេខ ១១​នេះ​ឡើង​។​

​សូម​ជម្រាបជូន​ថា​៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង មាន​ប្រវែង​សរុប​៩៦,៤៨​គីឡូម៉ែត្រ ចាប់ពី​អ្នក​លឿង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១) ស្ថិតក្នុង​ភូមិ​លេខ​៤ ឃុំ​ព្រែក​ខ្សាយ​-​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ទៅដល់​ថ្នល់ទទឹង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧) ស្ថិត​ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​ក្នុងនោះ ផ្លូវ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តព្រៃវែង មាន​ប្រវែង​៦៥,៥៥​គីឡូម៉ែត្រ និង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ មាន​ប្រវែង​២១,១៣​គីឡូម៉ែត្រ រួមទាំង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​ចំនួន​២​កន្លែង មាន​ប្រវែង​៩,៨០​គីឡូម៉ែត្រ​។

​ផ្លូវជាតិ​លេខ​១១ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ លើក​កម្រិត​គុណភាព និង​ពង្រីក​ទទឹងផ្លូវ​ពី ៩​ម៉ែត្រ ទៅ ១១​ម៉ែត្រ ក្រាល​ស្រទាប់​គ្រឹះ​ទាំង​លើ និង​ក្រោម កម្រាស់ ៦០​សង់​ទី ម៉ែត្រ​។ ទទឹង​តួ​ផ្លូវ មាន​ប្រវែង ១១​ម៉ែត្រ ក្នុងនោះ ៧​ម៉ែត្រ សម្រាប់​រថយន្ត​ចរាចរណ៍ ចែកជា ២​គន្លង (១​ទៅ ១​មក​) និង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន ២​គន្លង (១​ទៅ ១​មក​) សាងសង់​ស្ពាន​ចំនួន ២​កន្លែង ប្រវែង​សរុប ២១០​ម៉ែត្រ ដាក់លូ​ជ្រុង​ចំនួន ៣​កន្លែង លូ​មូល​ចំនួន ៩១​កន្លែង និង​លូ​ដាក់​តាម ប្រឡាយ​សងខាង​ផ្លូវ​ចំនួន ១៩២​កន្លែង រួមទាំង​ការងារ​រៀបចំ​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​តាម​ដងផ្លូវ​ផងដែរ​។

​គម្រោង​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤៤​ខែ (​ប៉ុន្តែ​ការសាងសង់ ជាក់ស្តែង​ត្រឹមតែ ៣០​ខែ ប៉ុណ្ណោះ គិត​ចាប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ថ្ងៃ ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ លឿន​ជាង​ផែនការ​គ្រោងទុក​១៤​ខែ​) ចំណាយ​ថវិកា​សាងសង់​សរុប ៩៨,៣៨ លាន​ដុល្លារ​អាមេរិក រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​សម្រាប់​ការងារ​ដោះ ស្រាយ​ផលប៉ះពាល់ និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​។​

​គួរកត់សម្គាល់​ផងដែរ​ថា​៖ ផ្លូវ​នេះ​ជា​ខ្សែ​ផ្លូវ​ត​ភ្ជាប់​រវាងផ្លូវ​របៀង​សេដ្ឋកិច្ច​ពីរ​ដ៏​មាន​សក្តានុពល​របស់​ម​ហា​អនុតំបន់ មេគង្គ​រួមមាន​៖ ១-​ផ្លូវ​អាស៊ាន​ហាយវ៉េ​យ​(AH1) ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​-​ថៃ​(​ប៉ោយប៉ែត​) តាមផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅ​ច្រក​បាវិត ដែល​ភ្ជាប់​ផ្លូវ ជាតិ​លេខ​១១ ត្រង់ចំណុច អ្នក​លឿង និង ២-​ផ្លូវ​អាស៊ាន​ហាយវ៉េ​(AH11) ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​-​ឡាវ កាត់​តាម​ផ្លូវជាតិ លេខ​៧ ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​៦ ត្រង់​ស្ពាន​ព្រែក​តា​មាក់ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ចុះទៅ​កំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ តាមផ្លូវ​ជាតិ​លេខ​៤៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close