លុបចោល​ការហាម​អ្នកដំណើរ ដែល​ឆ្លងកាត់​ប្រទេស​តំបន់​អាហ្វ្រិក​ចំនួន​១០ ចូល​កម្ពុជា​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា កាលពី​យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាស​លុបចោល​ការហាម​អ្នកដំណើរ ឬ​អ្នក​ដែល​ឆ្លងកាត់​ប្រទេស​តំបន់​អាហ្វ្រិក​ចំនួន​១០ ចូល​កម្ពុជា​។

​ក្រសួងសុខាភិបាល​បានបញ្ជាក់​ឲ្យ​ដឹងថា «​ដោយបាន​ទទួល​ការឯកភាព​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង (B.1.1.529) ក្រសួងសុខាភិបាល​សម្រេច​លុបចោល​ការហាមឃាត់​អ្នកដំណើរ ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រទេស​ចំនួន​១០ នៅ​ទ្វីបអាហ្វ្រិក (Botswana,
Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia) ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ទាំង​១០​នោះ ក្នុងអំឡុងពេល​៣​សប្តាហ៍​មុន ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា​»​។​

​ក្រសួង​បន្តថា ការលុបចោល​វិធានការ​ខាងលើ នឹងត្រូវ​ដាក់ជំនួស​ម​ក​វិញ​ដោយ​ការអនុវត្ត​នីតិវិធី​ប​ន្ថែ​ម លើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ (SOPs) ដើម្បី​គ្រប់គ្រង​អ្នកដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជា អនុលោម​តាម​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​អ្នកដំណើរ ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រទេស​ចំនួន​១០ ខាងលើ ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ទាំង​១០​នោះ ឬ​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​ត្រូវ​
​បានចាត់ទុក​ថា​ជា «​ប្រទេស​ដែលមាន​ការព្រួយបារម្ភ​» អំឡុងពេល​២​សប្តាហ៍​មុន ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដូចខាងក្រោម​៖
១៖ អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពេញលេញ ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់ថា​គ្មាន​ជំងឺ​កូ​វីដ​-១៩ (​តេស្ត PCR) ក្នុង​រយៈពេល​៧២​ម៉ោង មុនពេល​មកដល់​កម្ពុ​ជា ទទួលស្គាល់​ដោយ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​សាមី ឬ​ប្រទេស​សំណាក់​ចុងក្រោយ​មុន​ចាកចេញ​មកកាន់​កម្ពុជា​៖
​ក​៖ ត្រូវធ្វើ​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ នៅពេល​មកដល់​
* ក្នុងករណី​ទទួលបាន​លទ្ធផល​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ វិជ្ជមាន ត្រូវយក​សំណាក​ធ្វើតេស្ត PCR បញ្ជាក់ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ ដោយឡែក​នៅ​ទីកន្លែង​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​
– ក្នុងករណី​ទទួលបាន​លទ្ធផល​តេស្ត PCR វិជ្ជមាន ត្រូវធ្វើ​ការព្យាបាល
– ក្នុងករណី​ទទួលបាន​លទ្ធផល​តេស្ត PCR អវិជ្ជមាន ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ដោយឡែក រយៈពេល​៧​ថ្ងៃ និង​ធ្វើតេស្ត PCR នៅ​ថ្ងៃទី​៦ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​
– ក្នុងករណី​ទទួលបាន​លទ្ធផល​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ អវិជ្ជមាន ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​៧​ថ្ងៃ និង​ធ្វើតេស្ត PCR នៅ​ថ្ងៃទី​៦ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​
​ខ​៖ អ្នកដំណើរ​ជា​ជនបរទេស ត្រូវ​កក់​សណ្ឋាគារ​សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​៧​ថ្ងៃ​។ ក្នុងករណី អ្នកដំណើរ​មិនបាន​កក់​សណ្ឋាគារ ត្រូវ​ទៅកាន់​បញ្ជរ​ធនាគារ ដើម្បី​តម្កល់​ប្រាក់​១០០០ (​មួយ​ពាន់​) ដុល្លារ​អា​ម៉​រិ​ក សម្រាប់​ធានា​ចំណាយ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​៧​ថ្ងៃ នៅ​ទីកន្លែង​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​។​
២៖ អ្នកដំណើរ​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់ថា គ្មាន​ជំងឺ​កូ​វីដ​-១៩ (​តេស្ត PCR) ក្នុង​រយៈពេល ៧២​ម៉ោង មុនពេល​មកដល់​កម្ពុ​ជា ទទួលស្គាល់​ដោយ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​សាមី ឬ​ប្រទេស​សំណាក់​ចុងក្រោយ​មុន​ចាកចេញ​មកកាន់​កម្ពុជា​។​
​អ្នកដំណើរ​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដោយ​អនុវត្តតាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ (SOPs) ដើម្បី​គ្រប់គ្រង​អ្នកដំណើរ​មកដល់ អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជា អនុលោម​តាម​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​។​
៣៖ អ្នកដំណើរ​ជា​ជនបរទេស ត្រូវបាន​លើកទឹកចិត្ត​ឱ្យមាន​បណ្ណ​សន្យា​រ៉ាប់រង​សុខភាព សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ (COVID-19 Health Insurance Policy) ដែល​នៅ​កម្ពុជា​អាច​ទិញ​ពី​ការធានារ៉ាប់រង​រួមគ្នា (Insurance Consortium) តំណាង​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close