ឯកឧត្តម ជា សុផារ៉ា ចុះមកពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តចំនួន៤

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចុះមកពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបស្ថិតក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

សម្រាប់ថ្ងៃទី១ ក្នុងដំណើរបេសកកម្មរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ក្រុមការងារបានអញ្ជើញចុះមកពិនិត្យទីតាំងជាក់ស្តែងនៃការរំលោភកាប់ ទន្ទ្រានយកដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួង បានឲ្យដឹងថា តំបន់ ៣ នៃភូមិសាស្ត្រខត្តពោធិ៍សាត់ មានទំហំផ្ទៃដីចំនួន ៩៤ ១៤២ ហត ស្មើ ១៤,៥២% នៃទំហំផ្ទៃដីតំបន់៣ ទូទាំងប្រទេស ដែលមានផ្ទៃដីសរុបចំនួន ៦៤៧ ៤០៦ហត ក្នុងស្រុកចំនួន ៣។

សរុបជារួមខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចំនួន ១៩២១ គ្រួសារ កំពុងអាស្រ័យផលក្នុង តំបន់៣ លើផ្ទៃដី ៤ ០០០,២៨ ហត ក្នុងនោះមុនឆ្នាំ២០១២ មាន ១៤០៩ គ្រួសារ លើផ្ទៃដី ២ ៦៤១, ៤៨ ហត និងក្រោយឆ្នាំ ២០១២ មាន ៥១២ គ្រួសារ លើផ្ទៃដី ១ ៣៥៨,៨ ហត។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីមន្ត្រីជំនាញ និងពិនិត្យពិភាក្សា ជាមួយក្រសួងពាក់ព័ន្ធរួចមក អង្គប្រជុំទាំងមូលបានសម្រេចដាក់ចេញវិធានការ មួយចំនួន ដូចខាងក្រោម៖
១. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្ដឹងអាជ្ញាទៅតុលាការ។
៣. ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។
៤. កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។
៥. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែល បានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
៦. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
៧. ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឫស្សី៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។