ធនាគារជាតិបញ្ឈប់លែងផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់អាជីវកម្មមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ
ធនាគារជាតិ នៃកម្ពុជា បានសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើហើយ ចាប់ពីពេលនេះតទៅ។
ធនាគារជាតិបានបញ្ជាក់នៅក្នុងលិខិតជូនដំណឹងរបស់ខ្លួនថា បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ទាំងគុណភាព ទំហំ និងវិសាលភាព ដូច្នេះដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទើបធនាគារជាតិសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
តែយ៉ាងណា ធនាគារជាតិនៅតែស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។