ព្រឹកនេះសម្តេច ហ៊ុន សែន ចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះនៅខេត្តកណ្តាល

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដំណើរអញ្ជើញចុះពិនិត្យការដ្ឋាននេះ គឺជាដំណើរលើកទីពីរហើយ បន្ទាប់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេច បានអញ្ជើញចុះត្រួតពិនិត្យរួចម្តងមកហើយ។

សូម​បញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវ​បានស្ថាបនា​លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជា វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍​ជាព្រលានយន្តហោះថ្មីនេះ​ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close