តម្លៃប្រេងពិភពលោកធ្លាក់ចុះបន្ដិចមកវិញ បន្ទាប់ពីកើនឡើងអស់៤សប្តាហ៍កន្លងមក
អាមេរិក)៖ បន្ទាប់ពីតម្លៃប្រេងកើនឡើងអស់៤សប្តាហ៍កន្លងមក តម្លៃប្រេងរបស់ West Texas Intermediate (WTI) សម្រាប់ខែវិច្ឆិកា និងតម្លៃ Brent សម្រាប់ខែធ្នូ បានធ្លាក់ចុះ៤.០៣% និង៤.៤៣% រៀងគ្នា ។ កាលពីសប្តាហ៍ទីមួយនៅខែតុលានេះ តម្លៃប្រេងរបស់ WTI និង Brent ស្មើនឹង៧៤.៣៤ដុល្លារអាមេរិក និង៨៤,១៦ដុល្លារអាមេរិកក្នុងមួយធុង ។
កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ តម្លៃប្រេងរបស់ក្រុមហ៊ុនទាំងពីរបន្តកើនឡើងទៀត ដោយតម្លៃប្រេងរបស់ WTI កើនបាន០,៦៧ដុល្លារអាមេរិក មកស្មើនឹង៧៤,៩៦ដុល្លារអាមេរិកក្នុងមួយធុង និងតម្លៃប្រេង Brent កើនបាន១,០៩ដុល្លារអាមេរិកមកស្មើនឹង៨៥ដុល្លារអាមេរិកក្នុងមួយធុង ។
ប៉ុន្តែតម្លៃប្រេងដែលមានកម្រិតខ្ពស់ជាងគេតាំងពី៤ឆ្នាំមុនមកនេះ បានបង្កឲ្យមានកង្វល់ពីតម្រូវការ ខណៈដែល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ថា អង្គការ OPEC បានបង្កើនតម្លៃប្រេងឥន្ធនៈសម្រាប់អតិថិជនអាមេរិក ។ លើសពីនេះទៀត មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករលើការលូតលាស់សេដ្ឋកិច្ច ពី៣,៩% មកស្មើត្រឹម៣,៧%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០១៨ និង២០១៩ ។
ដោយឡែកកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍្តសប្តាហ៍នេះ តម្លៃប្រេងឆៅបានធ្លាក់ចុះវិញ ស្របទៅនឹងទីផ្សារភាគហ៊ុន ខណៈដែលលោក ត្រាំ បន្តរិះគន់ដល់ប្រទេសដែលមិនគោរពតាមការដាក់ទណ្ឌកម្មរបស់អាមេរិក ។ តម្លៃប្រេង WTI បានធ្លាក់ចុះ១,៧៩ដុល្លារអាមេរិក និង២,២ដុល្លារអាមេរិកក្នុងមួយធុង គ្រាដែលតម្លៃប្រេង Brent ធ្លាក់ចុះ១,៩១ដុល្លារអាមេរិក និង២,៨៣ដុល្លារអាមេរិកក្នុងមួយធុង ។
យោងតាមរបាយការណ៍ដែលបានចេញកាលពីថ្ងៃព្រហស្បតិ៍្តបានឲ្យដឹងថា ចំនួនប្រេងឆៅស្តុកទុករបស់អាមេរិកបានកើនឡើង៥,៩៨លានធុងកាលពីសប្តាហ៍ដំបូងនាខែតុលា ហើយចំនួនប្រេងឥន្ធនៈដែលស្តុកទុកក្នុងប្រទេសនេះបានកើនឡើង១១,៣លានធុងក្នុងមួយសប្តាហ៍ផងដែរ មានន័យថា មានការផ្គត់ផ្គង់ច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។