ក្រុមហ៊ុន​មួយ​របស់​អាមេរិក ចង់​វិនិយោគ​ដាំ​ឈើ និង​បង្កើត​រោងចក្រ​កែច្នៃ នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរា​ជាតិ​

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​លោក Paul Kambur នាយក​ក្រុមហ៊ុន បាយ​អូ​ថេ​រ៉ា ឃែ​ភី​ថ​ល ឯ​.​ក (​មកពី​សហរដ្ឋអាមេរិក​) និង​សហការី ចូលជួប​ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ជាបឋម លោកនាយក​ក្រុមហ៊ុន បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​គោលបំណង​នៃ​ជំនួប​នាពេលនេះ គឺ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ដាំ​ឈើ​ប្រេងខ្យល់ និង​អាកាស្យា ធ្វើការ​កែច្នៃ ផ្គត់ផ្គង់ ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​សហរដ្ឋអាមេរិក និង​ទីផ្សារ​អន្តរជាតិ​។ ទាក់ទង​នឹង​ការវិនិយោគ​នេះ លោកនាយក​ក្រុមហ៊ុន​បាន​ស្នើសុំ​ការណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​ដំណើរការ​នៃ​ការវិនិយោគ​លើ​ឧស្សាហកម្ម​ព្រៃឈើ ការដាំ​ឈើ​ឡើងវិញ ការកែច្នៃ និង​នាំចេញ​។​

​បន្ទាប់ពី​បាន​ជ្រាប​ពី​គោលបំណង​របស់​ក្រុមហ៊ុន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​គោល បំណង​អំពី​ការវិនិយោគ​ដាំ​ឈើ​អាកាស្យា និង​ប្រេងខ្យល់ រួច​បង្កើត​រោងចក្រ​កែច្នៃ​ជា​ផលិតផល សម្រាប់​បម្រើ​ឲ្យ​ផលិតកម្ម​ផ្សេងៗ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរា​ជាតិ រួមទាំង​ទីផ្សារ​អាមេរិក​ផងដែរ​។ ទាក់ទង​នឹង​គោលបំណង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​យោបល់​ក្រុមហ៊ុន​ថា​៖
១- ក្រុមហ៊ុន​អាច​ស្វែងរក​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ជាពិសេស​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ប្រើប្រាស់​ដី​ឲ្យ​អស់​សក្តានុពល បង្កើន​ផលិត ភាព​ផលិតកម្ម​ឧស្សាហកម្ម​ឈើ​ដាំ បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ និង​ទទួលបាន​ប្រយោជន៍​ទាំង​រដ្ឋ និង​ឯកជន​។​
២- ធ្វើការ​សហការ​វិនិយោគ​លើ​ការដាំ​ឈើ​ឡើង នៅតាម​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ដាំ​ឈើ​ឡើងវិញ ជាមួយ​រដ្ឋបាល​ព្រៃឈើ​។
​ចំពោះ​ជំរើស​ទាំងពីរ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ពិភាក្សា​លម្អិត​បន្ថែម​ជាមួយ​រដ្ឋបាល​ព្រៃឈើ លើ​ការងារ​បច្ចេកទេស និង​នីតិវិធី ហើយ​បទដ្ឋាន​គិ​តិ​យុត្ត ដែលមាន​ការពាក់ព័ន្ធ​។ ដោយឡែក ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ នឹង​រង់ចាំ​សហការ និង​គាំទ្រ​លើ​គម្រោង​នេះ ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​សម្រេច​ទទួលបាន ជោគជ័យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close