រយៈពេល​៣០​ថ្ងៃ​! សមត្ថកិច្ច បង្ក្រាប​បទល្មើស​គ្រឿងញៀន ៧១​ករណី ឃាត់ខ្លួន​ជនសង្ស័យ ១២៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១​គីឡូក្រាម​

ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣០​ថ្ងៃ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅនេះ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាបបាន​ប​ទ​ល្មើស​គ្រឿងញៀន​ចំនួន ៧១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១២៤​នាក់ និង​ដកហូត​គ្រឿងញៀន ជិត​១​គីឡូក្រាម​។

​លោក​វរសេនីយ៍ទោ រ៉ឹ​ម ម៉ិច នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​នៅ​រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១ ឱ្យដឹងថា លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាំងនេះ គឺ​កម្លាំង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​ការិយាល័យ​ជំនាញ​បាន​សហការគ្នា​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើកកម្ពស់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឱ្យ បាន​ប្រសើរឡើង​។ នៅ​ទន្ទឹម​ដែល​គេ​មើលឃើញថា បទល្មើស​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​បំផុត​បង្ក​អសន្តិសុខ​សង្គម ដែលជា​ប្រភព​បញ្ហា​បង្ក​ឱ្យ​កើតមាន​ដូចជា​បទល្មើស លួច​ឆក់ ប្លន់ អំពើ​ហឹ​ង្សា និង​បទល្មើស​ផ្សេងទៀត​ផងដែរ​។​

​លោក បានឱ្យដឹង​ទៀតថា ការងារ​បង្ការ​ទប់ស្កាត់​គ្រឿងញៀន​នេះ​ផងដែរ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ក៏បាន​ដាក់ចេញ​នូវ​វិធានការ ៤​ចំណុច ដើម្បី​ចូលរួម​អនុវត្ត នៃ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close