ខា​វ៉ាន់​ដំរី​ដ៏​ឯកោ​លើ​លោក លែង​ឯកោ​ទៀតហើយ ដោយមាន​សុខភាព​រឹងមាំ និង​រីករាយ ក្នុង​ជម្រក​ថ្មី​!

«​ក្រសួងបរិស្ថាន​ពិតជា​មាន​មោទកភាព​ដែល​បានឃើញ​ដំរី​ខា​វ៉ាន់​ដែល​គេ​ស្គាល់​ថា​ជា​ដំរី​ដ៏​ឯកោ​ជាងគេ​នៅលើ​ពិភពលោក​មាន​សុខភាព​ល្អ មាន​អារម្មណ៍​ស្ងប់​និង​មាន​ភាពស៊ាំ​នឹង​មនុស្ស​ច្រើនជាង​មុន ស្លូតបូត​ជាង​មុន ​និង​លែង​ឯកោ​ទៀតហើយ​»​។

​នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ថ្លែង​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ក្រោយពេល​បានមក​ពិនិត្យមើល​ដំរី​ខា​វ៉ាន់ នៅ​តំបន់​អភិរក្ស​សត្វ​ដំរី នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​ក្រសួងបរិស្ថាន​បានអនុញ្ញាត​ដល់​អង្គកា​រ​ដែនជម្រកសត្វព្រៃ​កម្ពុជា​ចូលរួម​ការពារ​និង​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​តំបន់​នោះ​។

​ឯកឧត្តម នេត្រ ភក្ត្រា ដែលជា មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ជា​អធិបតី​ស្វាគមន៍​សត្វ​ដំរី​ខា​វ៉ាន់ ដែល​បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅក្រោយ​រស់នៅក្នុង​សួនសត្វ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​រាប់​ឆ្នាំ​។ បច្ចុប្បន្ននេះ ដំរី​ខា​វ៉ាន់​មាន​អាយុ ៣៦ ឆ្នាំ​ហើយ និង​បានរស់នៅ​លើ​ជម្រក​ថ្មី​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា រយៈពេល​មួយឆ្នាំ​មកហើយ​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​មានប្រសាសន៍​ដោយ​លាន់មាត់​ថា រយៈពេល​មួយឆ្នាំ​ដែល ដំរី​ខា​វ៉ាន់​រស់នៅក្នុង​ជម្រក​ថ្មី​ដែល​កម្ពុជា​បាន​ផ្តល់ឱ្យ មាន​ភាព​ប្លែក​ខុសពី​មក​ដំបូង​ក្នុងនោះ ដំរី​ខា​វ៉ាន់​បាន​ប្រែប្រួល​ពណ៌​សម្បុរ ដូចជា​ដំរី​រស់ក្នុង​ធម្មជាតិ​វិញ មាន​ឃើញ​ដុះ​រោម​ថ្មី​នៅលើ​ខ្នង ក្រចក​លែង​សូ​វរិ​ចរិល និង​មាន​ឃើញ​លូតលាស់​គល់​ក្រចក មាន​ដុះ​ភ្លុក​រាង​វែង​បន្តិច រាងកាយ​មាន​ភាព​មាំមួន​ជាង​មុន​ធាត់​ជ្រុល​ដូច​មុន និង​រូបរាង​មានការ​ប្រែប្រួល​។

​ឯកឧត្តម​បាន​បន្ថែមទៀតថា ចរិត​របស់​ដំរី​ខា​វ៉ាន់​មានការ​ប្រែប្រួល​ខ្លាំង​គឺមាន​ភាព​ស្ងៀមស្ងាត់ និង​ស៊ាំ​នឹង​មនុស្ស មិន​តប់ប្រមល់ និង​គួរឱ្យ​ស្រឡាញ់​។ ពេល​វា​ស៊ី​ចំណី ស៊ី​ដោយ​រីករាយ និង យក​ចំណី​ពី​ដៃ​មនុស្ស​ដោយ​មនោសញ្ចេតនា​។ «​ខ្ញុំ​ពិតជា​មាន​សេចក្តី​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​ការ វិ​វ​ឌ្ឍ​សុខភាព អត្តចរិត​ដ៏​ល្អ​របស់​ដំរី​ខា​វ៉ាន់​នេះ​»​។

​គួររំឭកថា ដំរី​ឈ្មោះ​ខា​វ៉ាន់ ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត បាន​មកដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​អង្គរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​បានធ្វើ​ដំណើរ​ជាច្រើន​ម៉ោង​នៅលើ​យន្តហោះ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​។ កម្ពុជា​បានផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី និង​ផ្តល់​ក្តីសង្ឃឹម​ថ្មី​ដល់​ដំរី​ដ៏​ឯកោ​មួយ​នេះ​។
​ក្រោយពី​ទទួលបាន​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដំរី​ខា​វ៉ាន់​ត្រូវបាន​នាំយក​ទៅកាន់​ជម្រក​ថ្មី​ដែលមាន​ទំហំ​ដី ៤.៣៥០ ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា បានទទួល​ការអនុញ្ញាត​ក្រសួងបរិស្ថាន​ធ្វើការ​ការពារ និង​អភិរក្ស​។

​សត្វ​ដំរី​ខា​វ៉ាន់​នេះ នឹងត្រូវ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​ការយកចិត្តទុកដាក់​ថែរក្សា​ការពារ​ខ្ពស់​របស់​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា​។ បច្ចុប្បន្ននេះ ដំរី​ខា​វ៉ាន់ ត្រូវបាន​បន្ត​បន្ស៊ាំ​នឹង​ការរស់នៅ​ក្នុងព្រៃ​ធម្មជាតិ​ក្នុង​ទំហំ​១២ ហិកតា ហើយ​នៅក្នុង​តំបន់​នោះ មាន​សត្វ​ដំរី​ស្រុក​ញិ​ចំនួន ៣ ក្បាល ដែល​រហូតមក​ដល់ពេលនេះ ដំរី​ខា​វ៉ាន់​បានធ្វើ​ការទាក់ទង​។ អង្គការ​ដែនជម្រកសត្វព្រៃ​កម្ពុជា​បាន​យកចិត្ត ទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​សត្វ​ដំរី​ខា​វ៉ាន់ និង​សត្វ​ដំរី​ផ្សេងទៀត រួម​នឹង​សត្វព្រៃ​នានា​ក្នុង​តំបន់​អភិរក្ស​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close