វៀតណាម៖ ករណីឆ្លងកូវីដ១៩ កើនឡើងខ្ពសមិនធ្លាប់មាន បើទោះបីបានចាក់វ៉ាកា់ំងជិត២៣០លានដូសហើយក្តី
ការចាក់វ៉ាក់សាំងនៅវៀតណាម នៅថ្ងៃទី ៨ខែធ្នូវៀតណាមចាក់វ៉ាក់សាំងបានជាង ៦៦២ពាន់ដូស សរុបមានវ៉ាក់សាំងជា ១២៩,៩លានដូសហើយបានចាក់ជូនពលរដ្ឋ ក្នុងនោះ មានពលរដ្ឋជាង ៧៤លាននាក់បានចាក់ដូសទីមួយ និងជាង ៥៥,៩លាននាក់បានចាក់គ្រប់ចំនួនពីរដូស។
នៅយប់ថ្ងៃទី ៩ខែធ្នូ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវិដ ១៩ កើនឡើងដល់ទៅ ១៥.៣១១នាក់ នៅខេត្តក្រុងចំនួន៣១ទូទាំងប្រទេស។ ដោយឡែកនៅរដ្ឋធានីហាណូយមានករណីឆ្លងកើនឡើងទ្វេដង ពី៤២៦នាក់នៅថ្ងៃទី ៨ បានកើនឡើងដល់ទៅ៨២២នាក់នៅថ្ងៃទី ៩ខែធ្នូនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ១១ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,៤៥៣ករណី។ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៥៦នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៣៦៧,៤៣៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០៥០,៩៧៩នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៧,១៨៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។