សម្តេច​តេ​ជោ​អបអរសាទរ​ខួប​លើក​ទី​៧៣ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ «១០​ធ្នូ​

​នៅលើ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​លើក​ទី​៧៣ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ «១០​ធ្នូ​»​។​

​សម្តេច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១​នេះ គឺជា​ខួប​លើក​ទី​៧៣​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២១​។ បើ​និយាយ​ពី​រឿង​សិទ្ធិមនុស្ស​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៩៧៥-១៩៧៩) គឺ​ប្រជាពលរដ្ឋ​មិនមាន​សិទ្ធិសេរីភាព​អ្វី​ទាំងអស់ សូម្បី​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលទាន​អាហារ សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ សិទ្ធិ​ជំនឿ​សាសនា សិទ្ធិ​សិក្សាអប់រំ សិទ្ធិ​ជ្រើសរើស​តំណាង និង​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ និង​សិទ្ឋិ​ប្រកបការងារ​ជាដើម​..​។​ល​។​

​របប​ប្រល័យពូជសាសន៍​ប៉ុលពត​បាន​ដកហូត​សិទ្ធិសេរីភាព​ទាំងអស់ ហើយ​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ធ្វើការ​ហួសកម្លាំង ឈឺ​ស្លាប់​ដោយ​គ្មាន​ពេទ្យ​និង​ថ្នាំ​ព្យាបាល ព្រមទាំង​បាន​បណ្ដាលអោយ​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​តែ ៣​ឆ្នាំ ៨​ខែ​និង ២០​ថ្ងៃ​។​

​សិទ្ធិសេរីភាព​របស់​ក​ម្ពុ​ជា​ដែលមាន​ដូច​ពេលបច្ចុប្បន្ន​នេះ គឺ​ត្រូវបាន​រំដោះ​យកមក​វិញ​នៅក្រោយ​ពេលដែល​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាន​វាយ​ផ្តួលរំលំ​ទាំងស្រុង​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩​។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកបការងារ​តូចធំ ជ្រើសរើស​ជំនឿ​សាសនា និង​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី ហើយ​សិទ្ធិសេរីភាព​ក៏បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សំណាងល្អ និង​រីករាយ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ «១០​ធ្នូ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close