វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​ណេ​កា ២៩០,៤០០ ដូ​ស​ទៀត ដឹក​មកដល់​កម្ពុជា​ហើយ​!

​ភ្នំពេញ​៖ កម្មវិធី​កូ​វ៉ា​ក់ (COVAX) របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានផ្តល់​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​ណេ​កា (Astra Zeneca) ចំនួន​២៩០,៤០០​ដូ​ស​ថែមទៀត​ដល់​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

​ប្រទេស​កម្ពុជា ធ្លាប់ជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​ដំបូង​គេ ដែល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ ពី​អង្គការ​សុខភាព​ពិភពលោក (WHO) តាមរយៈ​កម្មវិធី​កូ​វ៉ា​ក់ (COVAX)​។ ការទទួលបាន​វ៉ាក់សាំង​លើក​ទី​១​នោះ ក៏​ជា​ប្រភេទ​អា​ស្ត្រា​ហ្សេ​ណេ​កា​ផងដែរ ដែល​ត្រូវបាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ ដែលមាន​ចំនួន ៣២៤,០០០​ដូ​ស​។​

​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេសមួយ ដែល​ត្រូវបាន​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​កំណត់​ជា​ប្រទេស​ត្រូវ​ផ្តល់នូវ​ជំនួយ​វ៉ាក់សាំង ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ផងដែរ​។ មជ្ឈមណ្ឌល​កូ​វ៉ា​ក់ បានកំណត់​ផ្តល់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​១៩ ប្រមាណ​៦.៦​លាន​ដូ​ស​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ជំហាន​ដំបូង​។​

​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ គឺជា​យន្តការ​អន្តរជាតិ​មួយ ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​នានា ដើម្បី​ស្វះ​ស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រទេស​ក្រីក្រ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​

​មកដល់ពេលនេះ​វ៉ាក់សាំង​ប្រមាណ​ជិត ៣​លាន​ដូ​ស​ហើយ ដែល​កូ​វ៉ា​ក់ បាន​បញ្ជូន​មកដល់​ប្រទេស​ប្រទេស​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close