ស្ថានភាពអ្នកពុលស្រាស​​​នៅ​​​ស្រុក​​​សំបូរ​​​ត្រូវ​​​បាន​​​ធូរ​​​ស្រាល

ក្រចេះ ៖ ដោយយោងតាមស្នងការនគរបាលខេត្តក្រចេះបានបញ្ជាក់ថា មានប្រជាពលរដ្ឋ៣នាក់ បានកើតអាការៈពុលស្លាប់និងជាង​​​៣០​​​នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ នាព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។ ហេតុការណ៍នេះបានកេីតឡេីងក្នុងភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ ការពុលរហូតស្លាប់នេះ ត្រូវបានអាជ្ញាធរសន្និដ្ឋានជាជំហានដំបូងថា បណ្តាលមកពុលស្រាស ដែលផលិតចេញពីសិប្បកម្មនៅក្នុងភូមិ។

លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរឲ្យដឹងថា មកទល់និងល្ងាចថ្ងៃទី១៩ តុលា នេះស្ថានភាពអាការពុលរបស់អ្នកភូមិដែលបាននាំមកសង្រ្គោះនៅមន្ទីរពេទ្យត្រូវបានធូរស្រាលវិញ។ លោកថា ការពុលនេះបណ្តាលឲ្យមានអ្នកភូមិប្រុស ស្រី៣នាក់ បានស្លាប់ជាបន្តបន្ទាប់គ្នា ក្នុងនោះមាន២នាក់ជាប្តីប្រពន្ធ។ ការពុលនេះដែរគឺបានកើតមានឡើងបន្ទាប់ពីពួកគាត់នាំគ្នាទទួលទានស្រាស ជុំគ្នានៅនិងស្រែក្រោយចប់ពីការច្រូតស្រូវ។

អធិការនគរបាលស្រុកសំបូរ បានបញ្ជាក់បន្ថែមទៀតថា ក្រោយផ្ទុះបាតុភាពពុលនេះបានកើតឡើង នគរបាលស្រុកសំបូរ បានឃាត់ខ្លួនបុរសជាម្ចាស់អាជីវកម្មផលិតស្រានៅក្នុងភូមិម្នាក់មកសាកសួរ និងបានប្រមូលយកសំណាកស្រាដែលនៅសល់មកធ្វើកោសល្យ​​​វិច្ច័យផងដែរ៕

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close