រដូវ​ត្រី​ប្រហុក នឹងត្រូវ​ចាប់​ថ្ងៃទី​១២ រហូតដល់​ថ្ងៃទី​១៦ ធ្នូ​នេះ​! មន្ត្រីរដ្ឋបាល​ជលផល ប្រាប់​ឱ្យ​ពលរដ្ឋ​ទៅ​ទិញ​ត្រី នៅ​ខេត្តកណ្តាល និង​ភ្នំពេញ​

​ភ្នំពេញ​៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២១-២០២២ បន្ទាប់ពី​បានធ្វើ​ការសង្កេត​តាមដាន​កម្ពស់​ទឹក​ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប បាន​ពិនិត្យឃើញថា គន្លង​ដាយ​នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ អាច​នេសាទ​ត្រី​បាន​ច្រើន នៅក្នុង​ខែ​មិគសិរ​នេះ ពោលគឺ នៅ​ថ្ងៃ​៨​កើត ដល់​ថ្ងៃ​១២​កើត ត្រូវ​នឹង​ថ្ងៃទី​១២ រហូតដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ប្រសិនបើ​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​ឥទ្ធិពល​ព្យុះ​។​

​ដូច្នេះ ប្រជាពលរដ្ឋ​ដែលមាន​បំណង​ដូចជា ការធ្វើ​ប្រហុក ផ្អក ឬ​ត្រីឆ្អើរ ជាដើម សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ អាច​ទៅ​ទិញ​ត្រី​ឱ្យបាន​រួសរាន់ តាម​ពេលវេលា និង​ទីកន្លែង​ដូចខាងលើ​។​

​ទន្ទឹមនឹងនេះ រដ្ឋបាល​ជលផល ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ស្នាក់នៅ និង​ដឹកជញ្ជូន​ផលិតផល​ត្រី​បាន​ដោយ​រលូន​តាម​ការគួរ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​អនុវត្តតាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល​អំពី វិធានការ​ការពារ​មេរោគ​កូ​វីដ​-១៩​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close