កម្ពុជា ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ៣០ម៉ឺនដូសបន្ថែមទៀត ពីជំនួយកូវ៉ាក់
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ។
សូមជម្រាបថា មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។
ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។
មកដល់ពេលនេះវ៉ាក់សាំងចម្រុះជាង ៣លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះ មានដូចជាស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា ម៉ូដេណា និងចនសុន&ចនសុន។
ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។