អាជីវករផ្សារបុរីទេសចរណ៍ប្រិមប្រិយ ផ្ទុះការតវ៉ា ក្រោយម្ចាស់ផ្សារបញ្ឈប់កុងត្រាជួលមុនកាលកំណត់
អាជីវករលក់ដូរនៅផ្សារបុរីទេសចរណ៍ប្រិមប្រិយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ប្រមាណ៣០នាក់ បានសម្តែងប្រតិកម្ម និងតវ៉ា ក្រោយពីម្ចាស់បានបញ្ឈប់កិច្ចសន្យាជួលតូបឱ្យពួកគេមុនកាលកំណត់។
បើយោងតាមលិខិតរបស់ម្ចាស់ផ្សារបុរីទេសចរណ៍ប្រិមប្រិយ ប្រាប់មកក្រុមអាជីវករបានបញ្ជាក់ថា យោងទៅលើស្ថានភាពជាក់ស្តែង នៃផ្សារដែលមានសភាពទ្រុឌទ្រោមកាន់តែខ្លាំង ដែលជាមូលហេតុអាចបង្កឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់ជាយថាហេតុ ដល់សុវត្ថិភាពអាជីវករ និងសាធារណៈជនទូទៅដែលចូលមកក្នុងផ្សារ ម្យ៉ាងដោយផ្សារកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ទើបគណៈគ្រប់គ្រងផ្សារ សម្រេចបិទដំណើរការផ្សារបុរីទេសចរណ៍ប្រិមប្រិយ គិតចាប់ពីថ្ងៃបានប្រគល់លិខិត រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
ចំពោះការសម្រេចបិទផ្សារនេះ ក្រុមអាជីវករបានលើកឡើងថា វាលឿនពេកដែលធ្វើឲ្យពួកគាត់មិនអាចទទួលយកបាន។ ក្រុមអាជីវករខ្លះលើកឡើងថា ពួកគាត់បានប្រកបរបររស់នៅទីនេះអស់រយៈពេលជាយូរឆ្នាំមកហើយ ហើយថា ការបិទផ្សារនេះក្នុងរយៈពេលលឿនពេក ធ្វើឲ្យពួកគាត់មិនអាចទទួលយកបាន និងមិនអាចស្វែងរកកន្លែងប្រកបអាជីវកម្មបាន ខណៈវិបត្តិកូវីដ១៩ បានធ្វើឲ្យពួកគាត់ជួបការលំបាកខ្វះខាតជាខ្លាំង។
អាជីវករមួយចំនួនទៀតបានលើកឡើងថា ពួកគាត់បានយកប្រាក់បណ្តាក់ទុកមកលើតូបលក់ដូរនោះអស់ទៅហើយ ហើយពេលនេះស្រាប់តែផ្សារជូនដំណឹងពីការបិទ ធ្វើឲ្យពួកគាត់ខាតបងប្រាក់កាស់ក្នុងការវិនិយោគតូបរបស់ពួកគាត់។
យ៉ាងណាក៏ដោយ ក្រុមអាជីវករស្នើដល់ម្ចាស់ផ្សារ សូមមេត្តាពន្យារពេលនេះការបិទផ្សារនេះឲ្យមានរយៈពេលយូរបន្តិច ដើម្បីពួកគាត់ត្រៀមខ្លួនរកកន្លែងថ្មី និងអាចបន្តរបរចិញ្ចឹមជីវិតបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។