ក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅលើពិភពលោកមានករណីឆ្លងកូវីដ១៩ ជាងកន្លះលាននាក់
ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅលើពិភពលោក មានករណីឆ្លងកូវីដ ១៩ រហូតដល់ទៅ499.385នាក់ និងស្លាប់ ៥៤០០នាក់ នៅជុំវិញពិភពលោក ។ តំបន់អឺរ៉ុប បានរកឃើញ ករណីឆ្លងច្រើនជាងគេដោយមានរហូតដល់ទៅ 324.322 នាក់ និងស្លាប់ ៣៣៦៤នាក់។
ចំណែកនៅទូទាំងពិភពលោក វិញ មានករណីឆ្លងកូវីដ១៩ សរុប ជិត ២៧០លានាក់ហើយ និង ស្លាប់ ជាង ៥,៣លាននាក់។ អាមេរិកគឺជាប្រទេសមានករណីឆ្លងច្រើនជាងគេ ។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៧,៤១៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៤៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥០,៧៦២,៦៧១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨១៧,៧៨៩នាក់ និងជាសះស្បើយឡើងសរុប ៣៩.៩៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះបានផ្តល់ការអនុញ្ញាត សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ ឬដូសជំរុញជូនដល់ក្មេងជំទង់ដែលមានអាយុ ១៦ឆ្នាំ និង ១៧ឆ្នាំហើយ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសមត្ថភាពរបស់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ក្នុងការបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង សម្រាប់អ្នកដែលបានចាក់ ២ដូសរួចរាល់ហើយនោះ។
គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៨១លានដូស ក្នុងនោះប្រជាជន ២៣៨.១៤លាននាក់ (៧២.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៩.៧៣លាននាក់ (៦០.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៥១.៦៦លាននាក់ (១៥.៦៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។