សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី ខ្សែភាពយន្ត​ភាគ “​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​”

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី និង​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ថត​ខ្សែភាពយន្ត​ភាគ រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​។​

​ខ្សែភាពយន្ត​ភាគ​ខ្នាត​ធំ រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី ដែលជា​ភាពយន្ត​ប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិតៗ របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​កុលបុត្រ​ដ៏​ឆ្នើម​ទាំង​ទ្វេ ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ឲ្យ​រួច​ផុតពី​របប​យង់ឃ្នង​ប្រល័យពូជសាសន៍ ប៉ុល ពត​។

​ក្រោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ព​ង​ខ្ពស់​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គណៈកម្មការ​បានជ្រើសរើស​អ្នកនិពន្ធ​ចំនួន​៥​រូប ដើម្បី​រៀបចំ​កែសម្រួល​ខ្លឹមសារ​អត្ថបទ​និពន្ធ ល្ខោន​វិទ្យុ ទៅជា​អត្ថបទ​និពន្ធ​ភាពយន្ត​សរុប​មាន ៤៤​ភាគ ស្មើ​និង​៦៥៣​ឆាក​។ បន្ទាប់ពី​បញ្ចប់​ការងារ​នោះ គណៈកម្មការ​បាន​បង្កើត​ក្រុមការងារ​មួយ​ធ្វើការ​ពិនិត្យ កែលម្អ ដោយ​ប​ន្សី​នឹង​សាច់រឿង​ឲ្យ ស្របទៅនឹង​បរិបទ​សម័យកាល​។ ​ដើម្បី​ក្តាប់បាន​ពី​កត្តា​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ តួអង្គ​សំខាន់ៗ ពាក់ព័ន្ធ ក្រុមការងារ​តែងតែ​ស្នើសុំ​ប្រឹក្សា​យោបល់​ពី​ទីប្រឹក្សា របស់​គណៈកម្មការ​ជា​ញឹក​ញ៉ាប់ ដើម្បី​ជាការ​បំពេញ​នូវ​កង្វះខាត និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ផលិត​។

ក្រុមការងារ​គ្រប់គ្រង​ការផលិត បាន​ចុះ​សិក្សា​ពិនិត្យ​ជ្រើសរើស​ទីតាំង​សម្រាប់​ថត​ចំនួន ១០២​ទីតាំង ដែល​ស្ថិតនៅក្នុង​ខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​តុបតែង​បន្ថែម​ជាទី​តាំង​ថត ឲ្យ​ស្រប​នឹង បរិយាកាស ស្ថានភាព​ភូមិសាស្ត្រ និង​ជីវភាព​រស់នៅ​នា​សម័យ​កាលនោះ​។ លើសពីនោះ​ទៅទៀត យោងតាម​អនុសាសន៍​សែ​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គណៈកម្មការ​បានរៀបចំ សាងសង់​បន្ទាយ​កោះ​ថ្ម បន្ទាយទ័ព​លន់នល់​នៅ​ទន្លេ​បិទ និង​ភូមិ​ប្រជាជន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន បញ្ជាការដ្ឋាន​អង្គរក្ស (​ភ្នំ​ស្រង់​) ដែល​សំណង់​ទាំងនោះ មិន​ត្រឹមតែ​ជាការ​សាងសង់​សម្រាប់​ថត​ប៉ុណ្ណោះ​ទេ តែ​ជា​សំណង់​ដែលមាន​លក្ខណៈ​រឹងមាំ ដើម្បី​ទុកជា​ទីតាំង​ប្រវត្តិសាស្ត្រ ក្នុងការ​សិក្សា ស្រាវជ្រាវ​របស់​សិក្ខាកាម បញ្ជាការដ្ឋាន​អង្គរក្ស និង​កងយោធពល​ខេមរភូមិន្ទ នៅពេល​អនាគត​។​

​តាម​របាយការណ៍​រប​ស់ ឯកឧត្តម ហ៊ឹម សុ​ទិ​ត្យា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី បាន​ឲ្យ​ដឹងថា អនុវត្ត តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រុមការងារ​បានជ្រើសរើស​តួ​សំដែង​សំខាន់ៗ​ចំនួន ១០៣​នាក់ តួ​ប្រជាជន​យ៉ាងតិច​៥០០​នាក់ ព្រមទាំង​កម្លាំង​អង្គរក្ស​ចូលរួម​៥០០​នាក់​ផ្សេងទៀត ដើម្បី​ចូលរួម​សំដែង​ក្នុង​ឈុត​ឆាក​ធំៗ ដូចជា​ឈុត​ឆាក​នៃ​ការប្រយុទ្ធ ការធ្វើ​បាតុកម្ម ការរៀបចំ​ពិធី​កំសាន្ត​បុណ្យចូលឆ្នាំ​ជាដើម​។

​ចំពោះ​ឧបករណ៍​បច្ចេកទេស​ថ​ត ដោយមាន​ការគាំទ្រ​ពី​លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ​ន្ត ត្រូវបាន បញ្ជា​ទិញ​រួចរាល់​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម វ៉ាន់ ឆាល៍​ជួន ក្នុងនោះ​ក្រុមការងារ​បច្ចេកទេស​ថ​ត បានធ្វើការ​ហ្វឹកហាត់ ការប្រើប្រាស់​សម្ភារៈ​បច្ចេក​ទេស​ទាំងនោះ​រួចរាល់ ព្រមទាំង​ធ្វើ​ការថត​សាកល្បង​បាន​យ៉ាង​ស្ទាត់ជំនាញ​។ ​ឯកឧត្តម​ប្រធាន​គណៈកម្មការ​បន្តថា តាម​ផែនការ​ការងារ​ផលិត​របស់ គណៈកម្មការ ការផលិត​មាន​៤៤​ភាគ ប្រើពេល​រយៈពេល​១២​ខែ​កន្លះ​យ៉ាងតិច ហើយ​ការកាត់ត​ដំឡើង​រូបភាព និង​ត្រូវ​បញ្ចប់​មុន​ពាក់កណ្តាល​ឆ្នាំ​២០២៣​ខាងមុខ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមការងារ​គ្រប់ផ្នែក​ទាំងអស់ ដែល​បាន​ខិតខំ​សំរិទ្ធ​សំរាំង​ចងក្រង កែលម្អ​ខ្លឹមសារ​សាច់រឿង ដែល​ផ្តើមចេញពី​ល្ខោននិយាយ​មកកាន់​ការផលិត​ភាពយន្ត​រឿង​ភាគ ការខិតខំ​រក​តួ​សម្តែង ការសិក្សា​ស្រាវជ្រាវរ​កនូវ​សម្ភារៈ​យុ​ទ្ធោ​បរ​ណ៍ ទីតាំង​ភូមិសាស្ត្រ​ប្រវត្តិសាស្ត្រ ដើម្បី​ឈានទៅ​ថត​ភាពយន្ត​ភាគ រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី នាពេល​ដ៏​ខ្លី​ខាងមុខ​។

​សម្តេច​តេ​ជោ​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​មាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផលិត​កុន ហូលីវូដ បានមក​ស្នើសុំ​សម្តេច​ដើ​ម្ប​ផលិត​ភាពយន្ត​ភាគ រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី នេះ​ម្តង​រួចមកហើយ តែ​សម្តេច​មិន​អនុញ្ញាត​ឲ្យ​ផលិត​នោះទេ ដោយសា​តែ​វា​អាច​ប៉ះពាល់​ដល់​ប្រវត្តិសាស្ត្រ​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ពិសេស​ទាក់ទិន​ទៅ​និង​ខ្សែជីវិត​ពិត​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្ទាល់​តែម្តង​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ដល់​អ្នកដឹកនាំ​រឿង និង​ក្រុមការងារ​បច្ចេកទេស​ទាំង​អស់ ត្រូវ​បន្ត​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ល្អិតល្អន់​ថែមទៀត ព្រោះ​សាច់រឿង​ទាំងមូល​វា​ផ្តោត ទៅលើ​ប្រវត្តិសាស្ត្រ​ពិតៗ​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ពោលគឺ​សាច់រឿង​ទាំងមូល​វា​កើតឡើង យ៉ាងពិត​ប្រាកដ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុលពត ហើយ​វា​នឹង​អាច​បន្ត​រហូត​ដល់ពេល​ដែល សម្តេច​ត្រូវ​ចាក​ចេញពី​ឆាកនយោបាយ​នាពេលខាងមុខ​។​

​សម្តេច​តេ​ជោ​មានប្រសាសន៍​សង្កត់ធ្ងន់​ថា រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី នេះ​មិនអាច​ចប់​ត្រឹមតែ​៤៤​ភាគ​នោះទេ វា​អាចមាន​រយៈពេល​វែង​ជា​នេះ ឬមួយ​យើង​អាច​ផលិត​ជា​ភាពយន្ត​ឯកសារ​ដែលមាន​រយៈពេល​វែង ក៏​អាច​ថា​បាន ព្រោះ​ដំណើរ​ជីវិត​បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិតៗ របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​កុលបុត្រ​ដ៏​ឆ្នើម​ទាំង​ទ្វេ ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា ឲ្យ​រួច​ផុតពី​របប​យង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុល ពត ការយក​ជីវិត​ធ្វើជា​ដើម​ទន់ និង​ការឆ្លងកាត់​ការធ្វើ​ពលី​ជីវិត​ឆ្លងដែន ជាច្រើន​រ៉ាប់​មិន​អស់​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close