អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​សម្តែង​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ រយៈពេល​៣​ថ្ងៃ នៅ​បរិវេណ​ព្រះ​លានជល់ដំរី ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​»!

ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​»​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​វប្ប​ធ​ម៍​អ​រូបិយ​នៃ​មនុស្សជាតិ​ផង​នោះ ក្រុម​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ វត្ត​រាជ​បូព៌​ក្រុង​សៀមរាប នឹងធ្វើ​ការសម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ ជូន​សាធារណៈ​បាន​ទស្សនា​ដោយ​សេរី នៅ​បរិវេន​ព្រះ​លានជល់ដំរី​។​

​កម្មវិធី​សម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​តទៅ វេលា​ម៉ោង​១៨:០០​ល្ងាច រហូតដល់​ម៉ោង​២២:០០​យប់​។​
​កម្មវិធី​សម្តែង​មាន​ដូចតទៅ​៖ ថ្ងៃទី​០១ សម្តែង​វគ្គ​ព្រះរាម​ក​ថ្នល់ ថ្ងៃទី​០២ សម្តែង​ល្ខោនស្បែក​តូច រឿង​មន្ត​ស្នេហ៍​លិ​ន​ថោង និង​ថ្ងៃទី​០៣ សម្តែង​ល្ខោនស្បែក​ធំ វគ្គ សរ​នាគ​កបាស​។​

​សូមបញ្ជាក់ថា ក្រៅពី​ការសម្តែង​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ ក៏មាន​កម្មវិធី ពិព័រណ៍​បង្ហាញ​សមិទ្ធផល​ការងារ​រយ​:​ពេល​២៩​ឆ្នាំកន្លងមក របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្នាដៃ​សិល្បៈ​ផ្សេងៗ ដែលជា​ទំនៀមទម្លាប់​ប្រពៃណី កម្ម​វី​ធី​សម្តែង​សិល្បៈ ល្ខោនបាសាក់ ដែល​សុទ្ធ​តែមាន​សារសំខាន់ ក្នុងន័យនេះ សូម​អញ្ជើញ​សាធារណៈ​ចូលរួម​ទស្សនា​កម្សាន្ត​ឱ្យបាន​ច្រើន​កុះករ ក្នុង​រយៈពេល​៣​ថ្ងៃនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close