សមយុទ្ធរួមគ្នារវាងអាស៊ាន និងចិនគ្រោងធ្វេីនៅសប្ដាហ៍ក្រោយក្នុងសមុទ្រចិនខាងត្បូង
អាស៊ាន/ចិន ៖ រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានអះអាងថា សមយុទ្ធកងទ័ពជើងទឹក អាស៊ានហើយនិងចិនលេីកទី១ នៅសប្តាហ៍ក្រោយត្រូវរៀបចំធ្វើ នៅសមុទ្រចិនខាងត្បូង មានគោលដៅ កសាងជំនឿ ទុកចិត្ត រវាងភាគីទាំងពីរ។ នេះជាការអះអាងរបស់លោករដ្ឋមន្ត្រីការពារជាតិសិង្ហបុរីតាំងពីថ្ងៃសុក្រ ក្នុងកិច្ចប្រជុំ អាស៊ាន ជាទីដែលមានការចូលរួមផងដែរ ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis ផងដែរ។
អ្នកតាមដាននយោបាយអាស៊ីអាគ្នេយ៍វាយតម្លៃថា ការធ្វើសមយុទ្ធរួមគ្នាជាលើកទី១ ជាមួយអាស៊ាន ចិនប៉ងចង់កាត់បន្ថយឥទ្ធិពល របស់អាមេរិក នៅក្នុងតំបន់ ព្រោះថា ប្រទេសសមាជិកមួយចំនួនរបស់អាស៊ាន ជាសម្ព័ន្ធមិត្ត ដៃគូរបស់អាមេរិក។ ដើម្បីជៀសវាងការថ្នាំងថ្នាក់ចិត្ត ពីភាគីអាមេរិក រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានប្រកាសដែរថា អាស៊ានមានគម្រោងធ្វើសមយុទ្ធមួយទៀត ជាមួយ អាមេរិក នៅឆ្នាំក្រោយ។
រដ្ឋមន្រ្តីការពារជាតិអាមេរិក ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ាននៅសិង្ហបុរីដែរនោះបាននិយាយប្រាប់អ្នកកាសែតថា លោកមិនជឿថា សមយុទ្ធ អាស៊ាន ចិន នឹងធ្វើឲ្យយុទ្ធសាស្រ្តរបស់អាមេរិករួមចុះថយ នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ហេីយក៏គ្មានប្រទេសណាមួយ អាចសរសេរឡើងវិញច្បាប់អន្តរជាតិផ្លូវទឹកនោះទេ។ អាមេរិកសង្ឃឹមថា ប្រទេសតូចឬ ធំ គោរពច្បាប់ដែលមានចែងកន្លងមក។
សូមជម្រាបថា ចិនចង់ទាមទារជាម្ចាស់គ្រប់គ្រងផ្តាច់មុខ សមុទ្រចិនខាងត្បូង កំពុងប្រឈមឈ្លោះជាមួយ ប្រទេសសមាជិកមួយចំនួន របស់សមាគមអាស៊ីអាគ្នេយ៍ ដូចជា ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងព្រុយណេ។ ប្រទេសសមាជិកអាស៊ានទាំង៤ បានតវ៉ា ប្រឆាំង សកម្មភាពពង្រីកឥទ្ធិពលយោធារបស់ចិន តាមរយៈការសាងសង់ និងបោះទីតាំងយោធានៅកោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។