ឆេះ​ស្លាប់​មនុស្ស​ជាង ៥០​នាក់ នៅ​ហៃ​ទី​! ករណី​ប្រជាជន​នាំគ្នា​ច្រក​សាំង ធ្លាយ​ចេញពី​រថយន្ត​ដឹក​ប្រេង​ដែល​ក្រឡាប់​

​ហៃ​ទី​៖ យោងតាម​មន្ត្រី​ក្នុង​តំបន់​បានឱ្យដឹងថា មនុស្ស​យ៉ាងហោចណាស់ ៥០ នាក់​បាន​ស្លាប់​នៅពេលដែល​រថយន្ត​ដឹក​ប្រេង បាន​ផ្ទុះ​នៅក្នុង​ទីក្រុង Cap-Haitien នៃ​ប្រទេស​ហៃ​ទី កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដោយ​ក្រុមគ្រូពេទ្យ​ក្នុងស្រុក​ជាច្រើន បាន​និយាយថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​។​

​អភិបាលរងក្រុង Patrick Almonor បាន​និយាយថា​៖ “​ខ្ញុំ​បានឃើញ​មនុស្ស​ពី ៥០ ទៅ ៥៤ នាក់​ត្រូវបាន​ដុត​ទាំង​រស់​កន្លែងកើតហេតុ​… ខ្ញុំ​មិនអាច​កំណត់​អត្តសញ្ញាណ​ពួកគេ​បានទេ​។​” លោក Almonor ក៏បាន​និយាយ​ផងដែរ​ថា ផ្ទះ​ប្រហែល ២០ ខ្នង​នៅក្នុង​តំបន់​នេះ​ត្រូវបាន​ឆេះ​ដោយសារ​ការផ្ទុះ​នេះ​។​

​លោក បាន​មានប្រសាសន៍ថា​៖ “​យើង​មិនទាន់​អាច​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ចំនួន​ជនរងគ្រោះ​នោះទេ​”​។​

​នាយករដ្ឋមន្ត្រី​ប្រទេស​ហៃ​ទី លោក Ariel Henry បានកំណត់​រយៈពេល​នៃ​ការ​កាន់ទុក្ខ​ទូទាំងប្រទេស​។ គាត់​បានសរសេរថា​៖ “​ខ្ញុំ​បានដឹង​ដំណឹង​ដ៏​សោកសៅ និង​រំជួលចិត្ត​អំពី​ព័ត៌មាន​ដ៏​គួរឱ្យ​ភ័យខ្លាច​នៃ​ការផ្ទុះ​រថយន្ត​ដឹង​សាំង​កាលពី​យប់មិញ​នៅ Cap-Haitien”​។ លោក​បន្តថា​៖ “​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ​នឹង​ធ្វើឡើង ដើម្បី​កាន់ទុក្ខ​ដល់​ជនរងគ្រោះ​នៃ​សោកនាដកម្ម​នេះ​”​។​

​បើតាម​អភិបាលរងក្រុង លោក Almonor បានឱ្យដឹងថា អ្នកបើកបរ​រថយន្ត​បាន​បាត់បង់​ម្ចាស់ការ ខណៈ​រថយន្ត​បាន​បត់​ដើម្បី​គេច​ពី​ម៉ូតូ​តាក់ស៊ី ហើយ​បាន​ក្រឡាប់​។ ឥន្ធនៈ​បាន​ហៀរ​លើផ្លូវ ហើយ​អ្នក​ថ្មើរជើង​បាន​ប្រញាប់ប្រញាល់​ទៅ​ច្រក​ប្រេងសាំង​ទុក ដែល​បច្ចុប្បន្នកំពុង​ខ្វះខាត ខណៈ​ប្រទេស​ហៃ​ទី ជួប​ការខ្វះខាត​ប្រេងឥន្ធនៈ​ធ្ងន់ធ្ងរ ដែល​បណ្តាលមកពី​ការ​រឹតបន្តឹង​នៃ​ក្រុម​ឧក្រិដ្ឋជន​នៅ​រដ្ឋធានី Port-au-Prince ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close