សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សណ្ឋាគារ «​ហា​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ​»

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សណ្ឋាគារ ហា​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»​។

​សណ្ឋាគារ «​ហា​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ​» បាន​សាងសង់​ក្នុងតម្លៃ ១៨០​លាន​ដុល្លារ ស្ថិត​កណ្តាល​រាជធានី​ភ្នំពេញ របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​បាន​ទិញ​ម៉ាក​យីហោ​មកពី​អាមេរិក​។​

តាម​ការ​អោយដឹងពី​អ្នកឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បានអោយដឹងថា សណ្ឋាគារ «​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី​» គឺជា​ពាណិជ្ជកម្ម​មួយ​របស់ «​ហៃ​យ៉ា​ត់ ហូ​ថែ​ល ខ​ប​ភើ​រេ​សិន​» ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​កំពុង​ប្រតិបត្តិការ​សណ្ឋាគារ​ជាង ៩០០​ទីតាំង ក្នុង​៦៥​ប្រទេស និង​មាន​យីហោ​ប្រណិត​ចំនួន​២១​។

សណ្ឋាគារ​នេះ​មាន​បន្ទប់​ចំនួន ២៤៧​បន្ទប់ ដែល ៤៣​បន្ទប់​ជា​បន្ទប់​ប្រភេទ​ស្វី​ត​។ សណ្ឋាគារ ក៏មាន​រី​ជិន​ស៊ី​ក្លិប (Regency Club) ដែលជា​កន្លែង​សម្រាប់​ទទួលភ្ញៀវ​លំដាប់ វី​អាយ​ភី ស្ថិតនៅ​ជាន់​ទី​១០​។ រី​ជិន​ស៊ី ប៊​ល​រូ​ម (Regency Ballroom) ជា​សាល​ដ៏​ធំ​ទូលាយ​និង​ទំនើប​សម្រាប់​រៀបចំ​កម្ម​វិធី​និង​កិច្ចប្រជុំ​គ្រប់​ប្រភេទ​។ វត្តមាន​សណ្ឋាគារ​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​នាំមក​នូវ​កំណើន​ភ្ញៀវ​ទេចរ តាមរយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ និង​ធុរជន​ពី​គ្រប់ទិសទី​លើ​សកលលោក​មកកាន់​ប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ និង​បាន​អបអ​សាទរ​ចំពោះ​ក្រុមហ៊ុន ជីប ម៉ុង ។ សម្តេច​ចាត់ទុកថា​សណ្ឋាគារ​នេះ​ជា​សមិទ្ធផល​មួយ​សម្រាប់​ជាតិ​កម្ពុជា​ផងដែរ ហើយ​តាមរយ​:​សណ្ឋាគារ​នេះ​ក៏បានផ្តល់​ការងារ ផ្តល់​ពន្ធ​ជូន​រដ្ឋ និង​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សម្តេច​ពិតជា​មោទនភាព​ចំពោះ​ក្រុមហ៊ុន ជីបម៉ុង និង​ក្រុមហ៊ុន​ដទៃទៀត​នៅ​កម្ពុជា ដែល​បានរួម​ចំណែក​ធ្វើឱ្យ​កម្ពុ​ជាមាន​វឌ្ឍនភាព​លើ​វិស័យ​សំខាន់ៗ​។

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា សមិទ្ធផល​ដែល​កើតមានឡើង​នេះ គឺ​ដោយសារ​យើង​មាន​ថ្ងៃ​រំដោះ​ថ្ងៃ​៧ មករា​១៩៧៩ ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​នេះ​គឺជា​សច្ចភាព​ប្រវត្តិសាស្ត្រ ហើយ​គ្មានអ្វី​នឹង​ខ្លាច​ក្នុងការ​និយាយ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក ថា រាជធានី​ភ្នំពេញ​ពីមុន គឺជា​ទីក្រុង​មួយ​ដ៏​ស្ងប់ស្ងាត់ និង​ឯកោ​បំផុត​នៅក្រោយពេល​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ក្រោយ​ថ្ងៃ​រំដោះ​
​និង​ការប្រឹងប្រែង​ស្វែងរក​សុខសន្តិភាព ពិសេស​ក្រោយ​ឆ្នាំ​១៩៩៨ ប្រទេសជាតិ​យើង​បានចាប់ផ្តើម​មាន​សន្តិភាព និង​មានការ​អភិវឌ្ឍ​ចម្រើន​លូតលាស់​ជា​បន្តបន្ទាប់​។​
​ទាក់ទង​ស្ថានភាព​ជម្ងឺ​កូ​វីដ​-១៩ នៅថ្ងៃនេះ សម្តេច​តេ​ជោ​បាន​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» តែ​មិនត្រូវ​ស្លន់ស្លោ​ខ្លាំងពេក​នោះទេ​។

សម្តេច​តេ​ជោ​បាន​ថ្លែងថា ការធ្លាក់ចុះ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ គឺ​បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រាជរដ្ឋាភិបាល មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នានា ជាពិសេស​ការចូលរួម​បរិច្ចាគ​ថវិកា​ក្នុង​ការទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ និង​បាន​អរគុណ​ដល់​បណ្ដា​ប្រទេសមួយ​ចំនួន​ដែល​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​មក​កម្ពុជា ទាំង​ជំនួយ ទាំង​ការ​បញ្ហា​ទិញ ជាពិសេស​ប្រទេស​ចិន​ដែល​បានផ្តល់​ច្រើនជាងគេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា វិធានការ​វ៉ាក់សាំង​មិនទាន់​គ្រប់គ្រាន់​ទេ ត្រូវតែ​បន្ត​ការប្រកាន់​ខ្ជាប់​វិធានការ «៣​ការពារ និង​៣​កុំ​»​។

នៅថ្ងៃនេះ សម្ដេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់​ដែល​ជ្រក​ក្រោម​ផ្លាក​រដ្ឋ រថយន្ត​ចង្កូត​ស្តាំ មិនទាន់បាន​បង់ពន្ធ សូម​ប្រ​ញ៉ាប់​ទៅ​បង់ពន្ធ ឲ្យ​បាន​ទាន់ពេលវេលា មុន​ដំណាច់ឆ្នាំ​២០២១​នេះ ពោលគឺ​ផុតកំណត់​នៅ​ថ្ងៃទី​៣០​ធ្នូ​២០២១ ដើម្បី​ទទួលបាន​ការអនុគ្រោះ​១០% ហើយ​បើ​មិន​បង់​មុន​ឆ្នាំ​២០២១​នោះទេ មិនមាន​ការអនុគ្រោះ​គ្រោះ​១០%​ឡើយ​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងនាម​ប្រធាន​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​។ សម្ដេច​បាន​មាន​ប្រសា​ន៍​បញ្ជាក់ថា សម្ដេច​នឹង​តែងតាំង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជា​បេសកជន​របស់​ប្រធាន​អាស៊ាន ដើម្បី​ចុះទៅ​សម្របសម្រួល​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអ​សាទរ​ចំពោះ​សមិទ្ធផល នៃ​សណ្ឋាគារ​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី នា​ថ្ងៃនេះ និង​ជូនពរ​អោយ​ក្រុមហ៊ុន​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ព្រមទាំង​បានប្រកាស​សម្ពោធ​បើក​អោយ​ដំណើរ​ជា​ផ្លូវការ​ចាប់ពីពេលនេះ​តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close