អ្នកដឹកជញ្ជូនឈើ ខុសច្បាប់ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ថាបានបង់លុយ ឱ្យមន្ត្រីជំនាញហើយ
ការដឹកជញ្ជូនឈើ អនុផលព្រៃឈើ ដោយខុសច្បាប់ ច្រើនរូបភាព និងមធ្យោបាយ មានដូចជា តាមរទះក្របី រ៉ឺម៉កវែងៗ គោយន្ត រថយន្តតូចធំ ជារៀងរាល់ថ្ងៃយប់ បានសុខសុវត្ថិភាព ដោយគ្មានការទប់ស្កាត់ បង្ក្រាបពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច។
អ្នករករបរនេះ បានបង្ហើបថា ការដឹកជញ្ជូនឈើទាំងនេះ ពួកខ្លួន បានប្រកាសទំនាក់ទំនង និងមានការបង់លុយ ជូនមន្ត្រីជំនាញ (បរិស្ថាន រដ្ឋបាលព្រៃឈើ ឬ មេព្រៃ) និងមន្ត្រីសមត្ថកិច្ចមិនជំនាញ តែជាមន្ត្រីនគរបាលយុត្តិធម៌ហើយដែរ។
ពួកគេបានបន្តថា កុំថាឡើយដឹកឈើប្រណិត ឈើសំណង់ កូនឈើ មែកឈើ សូម្បីដឹកអូស ដឹកធ្យូង ដឹកគ្រឿងឈើកែច្នៃរួច ពួកខ្លួន ក៏យល់របៀបដើរផ្លូវរត់ការ ប្រកាស… ពោលគឺ ក៏ត្រូវបានបង់លុយ ជូនមន្ត្រីបរិស្ថាន មន្ត្រីព្រៃឈើដែរ ពុំនោះទេ ឬបើមិនអារសាច់ ជូនខ្លាទេ មិនអាចរកស៊ីបាននោះទេ ។
ចំពោះករណីនេះ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានថ្លែងថា «ខ្ញុំចង់សួរត្រឡប់ទៅវិញ តើករណី ខាងលើនេះ កើតឡើងនៅតំបន់ណា ? នៅពេលណា ? ចុះការបង់លុយបង់កាក់ យ៉ាងម៉េច ? ជារឿងខាងសារព័ត៌មាន វាជារឿងរបស់សារព័ត៌មាន ខ្ញុំមិនយល់ថា ដូចលើផ្លូវជាតិ ៦២ អី មិនមែនជាសមត្ថកិច្ច ភារកិច្ចរបស់ខ្ញុំទេ (ប្រធានមន្ទីរបរិស្ថាន)។ ខាងមន្ត្រីគេទេ ប៉ុន្តែលោកគ្រាន់តែជាអ្នកសារព័ត៌មាន គ្មានអ្វីជាក់លាក់បញ្ជាក់ តើធ្វើម៉េច ។ ប៉ុណ្ណឹងបានហើយ ខ្ញុំជាប់ប្រជុំ និយាយមិនកើតទេ»។
ចំណែកលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ បានថា « រាល់ ថ្ងៃនេះ បើមានឈើខុសច្បាប់ គឺមន្ត្រីជំនាញ យើងខ្ញុំ មានការហាមឃាត់ ទប់ស្កាត់ និងចាត់ការហើយ ។ ជារួម ខ្ញុំបានណែនាំ ជាហូរហែរ ដាក់វិធានការផងដែរ។ ក៏ប៉ុន្តែមន្ត្រីជំនាញយើងខ្ញុំ មានចំនួនតិច ឯជនល្មើសខូច ប៉ិនណាស់ ដូច្នេះវាមានការចន្លោះប្រហោងខ្លះដែរ»។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ បានអំពាវនាដល់ប្រជាពលរដ្ឋ និងសាធារណជនគ្រប់រូប សូមឱ្យពួកគាត់ ចូលរួមទាំងអស់គ្នា ការពារព្រៃឈើ មិនកាប់បំផ្លាញ ព្រៃឈើ ។ ទាល់តែយើងរួមគ្នា ចេះរក្សាព្រៃឈើ តំបន់ពួកគាត់ រស់នៅ សូមកុំប៉ះពាល់ និងកាប់បំផ្លាញ ។ កាលណាយើង គ្មានការចូលរួមទេ មន្ត្រីជំនាញតែមួយមុខ មួយនាក់ យើងមិនអាចការពារព្រៃឈើ រាប់សិបម៉ឺនហិកតាបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។