អាជ្ញាធរ​ខេត្តកំពត​ប្រាប់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ដងព្រែក​កំពង់បាយ​ប្រុងប្រយ័ត្ន ព្រោះ​ទំនប់​អគ្គិសនី​កំចាយ​នឹង​បើកទ្វារ​ទឹក​

កំពត ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពត​ចេញផ្សាយ​នៅ​ព្រឹក​មិញ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ កម្ពស់​ទឹក​ក្នុង​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ បាន​ឡើងដល់​កម្ពស់ ១៤៦,៩៥​ម៉ែត្រ ដោយ​ទឹក​ហូរ​ចូល​មាន​ចំនួន ៦៦០០​ម៉ែត្រគូប​ក្នុង​១​វិនាទី​។​

​ដូច្នេះ​ក្រុមបច្ចេកទេស​របស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ នឹង​បើកទ្វារ​ដើម្បី​រំដោះ​ទឹកជា​បណ្តើរៗ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​នេះ ។ ការបើកទ្វារ​ទឹក​នេះ នឹង​បណ្តាល​ឲ្យ​ជន់​លិច​នៅ​ភូមិសាស្ត្រ​ឃុំ​ស្រុក​មួយចំនួន​នៅ​អម​សងខាង​ដងព្រែក​កំពង់បាយ​។​

​ក្នុងនោះ​រដ្ឋបាល​ខេត្តកំពត សូម​ស្នើ​ដល់​អាជ្ញាធរ​ភូមិ ឃុំ​ស្រុក បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀមលក្ខណៈ​ធ្វើការ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​ក្នុងករណី​គ្រោះអាសន្ន​កើតមានឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close