ACU នាំខ្លួនស្នងការរងខេត្តកំពង់ឆ្នាំងម្នាក់ និងមន្រ្តីនគរបាលសក្តិ៥ម្នាក់ មកសាកសួរករណីទន្រ្ទានយកដីព្រៃលិចទឹកក្នុងបឹងទន្លេសាប
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ (ផ្កាយ១) ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន (ស័ក្តិ៥) ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មកសាកសួរពាក់ព័ន្ធករណីរំលោភយកដី ព្រៃលិចទឹក បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ។
បើតាមប្រភពខ្លះបានរាយការណ៍ថា លំនៅដ្ឋានអតីតអភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួរ ចាន់ខឿន ចំនួន២ទីតាំងនៅឯខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចឡោមព័ទ្ធដែរ ។
គួរបញ្ជាក់ថា ក្រោយពីមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តីកាលពីចុងខែវិច្ឆិកា អាជ្ញាធរថ្នាក់មូលដ្ឋានក្នុងខេត្តទាំង៦នៅជាប់បឹងទន្លេសាប និងថ្នាក់ជាតិ បានចាត់វិធានការជាបន្តបន្ទាប់ លើអ្នកពាក់ព័ន្ធទៅនឹងបទល្មើសរំលោភវាទយកដីព្រៃលិចទឹករាប់ម៉ឺនហិកតា នៅលើផ្ទៃបឹងទន្លេសាប។
ក្នុងនោះក៏មានដកហូតដីត្រឡប់មកវិញ ដោយតំបន់ខ្លះកំពុងតែធ្វើការដាំដុះដើមឈើឡើងវិញ នៅកន្លែងដែលត្រូវបានគេកាប់ទន្រ្ទានយកដីទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។