ឯកឧត្តម ប៉ាន សូរស័ក្តិ៖ សេចក្ដីព្រាងច្បាប់សំខាន់ៗចំនួន៣ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តរួចរាល់ហើយ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សេចក្ដីព្រាងច្បាប់សំខាន់ៗចំនួន៣ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម សេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
នេះជាការបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដែល ឯកឧត្តមដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា សំណើសុំធ្វើវិសោធនកម្ម ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូននិងមានតម្លាភាព មានស្តង់ដារខ្ពស់ស្របតាមការធ្វើធុរកិច្ចជាសាកល។
ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីរំពឹងដែរថា សេចក្តីព្រាងច្បាប់សំខាន់ៗទាំងបីខាងលើ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ បង្កើនកំណើនសេដ្ឋកិច្ច និងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។