អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបបទល្មើសព្រៃឈើ ដកហូតអេស្កាវ៉ាទ័រ ២គ្រឿង នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចុះស្រាវជ្រាវ រុករក និងបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពេលក្រុមសមត្ថកិច្ចចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រចំនួនពីរគ្រឿង បានធ្វើសកម្មភាពគាស់កកាយដីព្រៃរបស់រដ្ឋ(ដីគម្របព្រៃឈើ ឆ្នាំ២០០២) នៅជើងភ្នំក្នុងភូមិសាស្ត្រខាងលើ នៅលើទីតាំងដីពីរកន្លែងផ្សេងគ្នា ពេលនោះអ្នកបើកបងគ្រឿងចក្រទាំងពីរបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រអេស្កាវ៉ាទ័រចំនួនពីរគ្រឿងនៅកន្លែងកើតហេតុ។
សូមបញ្ជាក់ផងដែរថា ចំពោះទីតាំងខាងលើជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់កកាយបំផ្លឹចបំផ្លាញ នឹងធ្វើឱ្យមានការជន់លិចភូមិឋានបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម ហើយនឹងបង្កវិនាសកម្មកាន់តែធ្ងន់ធ្ងរនាពេលខាងមុខជាក់ជាមិនខាន។
បច្ចុប្បន្នគ្រឿងចក្រអេស្កាវ៉ាទ័រទាំងពីរគ្រឿង ត្រូវបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងស្វែងរកចាប់ខ្លួនជនល្មើសគាស់កកាយដីព្រៃរបស់រដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ឱ្យខាងតែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។