ឯកឧត្តម ថោង ខុន៖ ការគ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ឈរលើមូលដ្ឋានគ្រឹះសំខាន់ៗ៥
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេស សម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» បានថ្លែងថា ការគ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ឈរលើមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៥ ដែលអាចរក្សាបាននូវភាពរឹងមាំ សោភ័ណភាព សន្សំសំចៃ កៀរគរចំណូល និងទាក់ទាញចំណាប់អារម្មណ៍កីឡា និងទេសចរណ៍។
ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន នៃហុកីឡដ្ឋានជាតិមរតកតជា» និងរាល់ថយ ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាជាតិផ្សព្វផ្សាយ SEA GAMES-ASEAN PARA GAME ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា យន្តការគ្រប់គ្រង វិមានកីឡដ្ឋាន ក៏ដូចពហុកីឡដ្ឋានជាតិមរតកតេជោទាំងមូល ត្រូវបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរួមមាន៖ ផ្នែករដ្ឋបាល, សន្តិសុខ, សណ្តាប់ធ្នាប់, អនាម័យ, គ្រប់គ្រងកម្មវិធីកីឡា, គ្រប់គ្រងបច្ចេកទេសថែទាំ, ថែរក្សាសំណង់ ប្រព័ន្ធទឹក-ភ្លើង និងផ្នែកទីផ្សារ និងចលនូបត្ថម្ភកីឡា។
ឯកឧត្តម ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា គោលការណ៍គ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ៗ ៥យ៉ាងជាអាទិ៍៖
១៖ រក្សាឱ្យបាននូវភាពរឹងមាំ គុណភាព សោភ័ណភាព និងភាពបៃតងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
២៖ យកស្មារតីសន្សំសំចៃ កាត់បន្ថយរបៀបប្រើប្រាស់ខ្ជះខ្ជាយលើថាមពលទឹក-ភ្លើង និងធនធានមនុស្សមិនចាំបាច់។
៣៖ រៀបចំផែនការកៀរគរស្វែងរកចំណូល តាមវិធីសាស្ត្រទីផ្សារកីឡា និងចលនូបត្ថម្ភកីឡា (Sport Marketing & Sponsorship) ពិសេសបង្កើតកម្មវិធីស្វែងរកចំណូល តាមព្រឹត្តិការណ៍ប្រកួតកីឡា ថ្នាក់ជាតិ និងអន្តរជាតិគ្រប់រដូវកាលពេញមួយឆ្នាំ ជារៀងរាល់ឆ្នាំ។
៤៖ រៀបចំបន្ថែមគុណតម្លៃស្តង់ដារបច្ចេកទេសទីលាន ប្រកួតកីឡាទាំងអស់ ក្នុងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ដើម្បីទាក់ទាញចំណាប់អារម្មណ៍ចលនាកីឡាពិភពលោកមកកម្ពុជា ។
៥៖ ប្រែក្លាយពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារភ្ជាប់ជាមួយវិមាន ឈ្នះ-ឈ្នះ រមនីយដ្ឋានសួនសត្វសាហ្វារីភ្នំពេញ, តារាងកូនហ្គោល Garden City និងតំបន់ជុំវិញ ជាមេដែក និងជានិមិត្តរូបគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញ។
វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា។
វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។
វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋាន ដ៏មហាអស្ចារ្យនេះបានប្រើប្រាស់រយៈពេល៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
វិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ បានសាងសង់ឡើងក្នុងកម្រិតស្តង់ដាសុវត្ថិភាពខ្ពស់ ពោលគឺអាចជម្លៀសមនុស្ស ៦ ម៉ឺននាក់ ចេញពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយប្រើរយៈពេលតែ៧នាទីប៉ុណ្ណោះ ។ វិមានកីឡដ្ឋាននេះមានច្រកទ្វារចំនួន ៥៤សម្រាប់ចេញចូលទៅទស្សនាកីឡា មានបន្ទប់ទឹក ចំនួន៩៣ តំបន់ ស្មើនឹង ៨៦៣ បង្គន់អនាម័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។