ឃាតក​ដែល​សម្លាប់​ក្មេងស្រី​ពីរ​នាក់​បងប្អូន​នៅ​កំពង់ឆ្នាំង គឺជា​អ្នកជិតខាង​

នៅ​រសៀល​ថ្ងៃទី​២១ ខែតុលា នេះ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បាន​នាំយក​ឃាតក​ដែល​បានសម្លាប់​ក្មេងស្រី​ពីរ​នាក់​បងប្អូន​រួច​យក​សាកសព​ទៅ​ដាក់​ក្នុង​កេស នៅ​ស្រុក​បរិបូរណ៍ កាលពីពេល​ថ្មីៗ​នេះ​យកមក​ធ្វើ​ត្រាប់ ក្រោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​អស់​រយៈពេល​២​ថ្ងៃ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ ឆុំ ពយ គឺជា​អ្នកជិតខាង​ក្មេងស្រី​រងគ្រោះ​។ ជនសង្ស័យ​រូបនេះ បាន​ឡើងទៅ​រំលោភ​ក្មេងស្រី​ជា​បង តែ​ខណៈនោះ​ក្មេងស្រី​ជា​ប្អូន​បានឃើញ និង​ស្រែក ហើយ​ដោយសារ​ខ្លាច​ធ្វើ​ឲ្យ​បែកការណ៍ ជនសង្ស័យ​បាន​យក​ខ្នើយ សង្កត់​ដង្ហើម​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ ក្រោយ​មាន​អំពើ​ឃាត​កម្មនេះ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ហៅ​ម្តាយមីង និង​ឪពុកមា របស់​ក្មេងស្រី​រងគ្រោះ និង​ជនដៃដល់​ទៅ​សួរនាំ​ផងដែរ​។​

​លោក​បន្តថា ពីដំបូង​ជនសង្ស័យ ប្រកែក​មិន​ព្រម​សារភាព​នោះទេ តែ​ទីបំផុត​ដោយសារ​ការប្រើប្រាស់​ជំនាញ របស់​សមត្ថកិច្ច​ជនសង្ស័យ​ក៏បាន​សារភាព​។ ផ្ទុយទៅវិញ ឪពុកមា និង​ម្តាយមីង​របស់​ក្មេងស្រី​រងគ្រោះ មិន​ពាក់ព័ន្ធ​នោះទេ​។​

​សូមបញ្ជាក់ថា ក្មេងស្រី​២​នាក់​បងប្អូន​បង្កើត ត្រូវ​ឃាតក​ចិត្តខ្មៅ​គ្មាន​ក្ដី​មេ​ត្ដា​សម្លាប់​រួច​ញាត់​ចូលក្នុង​កេស ហើយ​យកទៅដាក់​លើផ្ទះ​ខ្ទម ដែល​ជនរងគ្រោះ​ស្នាក់នៅ​រាល់ថ្ងៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

​សេចក្ដីរាយការណ៍​ពី​មូលដ្ឋាន ដែល​ដកស្រង់​សម្ដី​របស់​ពូ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ជាធម្មតា​ក្មេងស្រី​ទាំងពីរ ជា​រៀងរាល់​ព្រឹក​តែងតែ​ទៅផ្ទះ​របស់គាត់ ហូបបាយ​ហូប​ទឹក និង​យក​គោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​ជាធម្មតា ចំឡែក​តែ​ព្រឹក​ថ្ងៃកើតហេតុ មិន​បានឃើញ​ក្មេងស្រី​ទាំងពីរ​នោ​ក់​នោះ សាច់ញាតិ​ក៏បាន​នាំគ្នា ដើររក​គ្រប់​ទីកន្លែង​តែ​រក​មិនឃើញ​។ រហូតដល់​ម៉ោង​១១៖៣០​នាទី​ថ្ងៃត្រង់ ពូ​របស់​ជនរងគ្រោះ​បាន​ឡើងលើ​ផ្ទះ​ជនរងគ្រោះ និង​បាន​បើក​កេស​មើល ក៏​ប្រទះឃើញ​សព​ក្មេងស្រី​ទាំងពីរ​ដេកស្លាប់​នៅក្នុង​កេស​នោះ ទើប​ពូ​ជនរងគ្រោះ​លើក​ចេញពី​ក្នុង​កេស​មក​ដាក់​នៅក្រៅ និង​បាន​ប្តឹង​ដល់​សមត្ថកិច្ច ចុះ​មកដល់​កន្លែងកើតហេតុ​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close