មនុស្សស្លាប់​កើន​ដល់ ២០៨​នាក់​ហើយ ដោយសារ​ព្យុះ​ទី​ហ្វុ​ង Rai វាយប្រហារ​នៅ​ហ្វីលីពីន

ម៉ានីល​៖ មន្ត្រីប៉ូលិស​ជាតិ​ហ្វីលីពីន​បាន​រាយការណ៍​ថា តួលេខ​ជនរងគ្រោះ​បាត់​បង់ជីវិត​ដោយសារតែ​ព្យុះ​ទី​ហ្វុ​ង រ៉ៃ (Rai) បាន​កើន​ឡើងដល់ ២០៨​នាក់ ខណៈដែល​មនុស្ស ២៣៩​នាក់​បាន​ទទួលរងរ​បួស និង ៥២​នាក់​កំពុង​បាត់​ខ្លួន​។​

​បន្ថែម​លើ​នេះ ព្យុះ​ទី​ហ្វុ​ង រ៉ៃ ក៏បាន​បង្ក​ឲ្យ​មនុស្ស​ជាង ៣០​ម៉ឺន​នាក់​រត់​ភៀសខ្លួន​ចេញពី​លំនៅឋាន​ផងដែរ​។ ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​មួយ​នេះ បាន​បោកបក់​ទៅលើ​ប្រជុំ​កោះ​ភាគ​កណ្តាល និង​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​បើ​យោងតាម​ចំនួន​មនុស្ស​ស្លាប់​ទាំង ២០៨​នាក់​នោះ វា​គឺជា​ព្យុះ​ដែល​បាន​បង្ក​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ច្រើនជាងគេ​បំផុត​នៅក្នុង​ឆ្នាំនេះ​។

​តំបន់​ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​ព្យុះ​ទី​ហ្វុ​ង រ៉ៃ នោះ គឺ​កោះ បូ​ហុ​ល ដែលជា​តំបន់​ទេសចរ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ដោយ​នៅលើ​កោះ​នោះ​តែឯង គេ​បាន​រកឃើញ​មនុស្ស​ស្លាប់​រហូតដល់ ៧៤​នាក់​។

​ជាមួយគ្នានេះ ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​បំផ្លិចបំផ្លាញ ដើមឈើ​នានា​ត្រូវ​ដក​មក​ទាំង​ឬ​ស និង​បង្គោល​ភ្លើង​បាន​ដួលរលំ​គង​លើផ្លូវ​ថ្នល់ ស្រប​ពេលដែល​តំបន់​ខ្លះ​ត្រូវបាន​ទឹក​ជន់​លិច ដោយសារតែ​ឥទ្ធិពល​របស់​ព្យុះ​ទី​ហ្វុ​ង រ៉ៃ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close