ពិធី​បង្ហោះ​ខ្លែង ទាក់ទាញ​ភ្ញៀវទេសចរ និង​ចង់បង្ហាញ​ពី​តំបន់​សក្តានុពល​ទេសចរណ៍ ក្រៅពី​ប្រាសាទ​នៅ​ស្រុក​នេះ

​ខេត្តសៀមរាប​៖ ពិធី​បង្ហោះ​ខ្លែង នៅ​ស្រុក​បន្ទាយស្រី គឺជា​ព្រឹត្តិការណ៍​ដំបូង និង​ជា​បុណ្យ​មួយ​ក្នុងចំណោម​បុណ្យ និង​កម្មវិធី​កំសាន្ត​នានា ដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​បង្កើតឡើង ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ប្រទេស​ពេញលេញ និង​ចាប់ផ្តើម​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​រងគ្រោះ​លើ​វិស័យនេះ ត្រូវបាន​អាកខាន​អស់​រយ​:​ពេល​ជិត​ពីរ​ឆ្នាំ​ដោយ​វិបត្តិ​កូ​វីដ​-១៩​។



ការរៀបចំ​ឱ្យមាន​នូវ​បុណ្យ​ខ្លែង​នេះ​ឡើង គឺ​ចង់បង្ហាញ​ឲ្យ​ឃើញថា អាជ្ញាធរ​ស្រុក​កំពុង​ខិតខំ​ជម្រុញ​ឲ្យ​មាន​បន្ថែមទៀត​នូវ​សក្តានុពល​ទេសចរណ៍​ក្រៅពី​ប្រាសាទ​។ តាមរយៈ​បុណ្យ​ខ្លែង​នេះដែរ ពិតជា​បាន​ពញ្ញាក់​អារម្មណ៍ ពី​សំណាក់​ភ្ញៀវ​ក្នុងស្រុក និង​មាន​ភ្ញៀវ​បរទេស​មួយចំនួន​ឱ្យមក​ចាប់អារម្មណ៍ និង​រីករាយ​ជាមួយ​កម្មវិធី​ដែល​ធ្លាប់តែ​ធ្វើ​នៅតាម​សហគមន៍ ភូមិ ស្រុក​ក្នុង​រដូវរំហើយ ឱ្យ​ក្លាយជា​ព្រឹត្តិការណ៍​ត្រ​ដុំ​ត្រសង អ៊ូអរ និង​ខ្ញៀវខ្ញារ ដូច​អ្វីដែល​រដ្ឋបាល​ស្រុក​បាន​គ្រោងទុក​។

​នេះ​បើតាម​ប្រសាសន៍ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ក្នុងពេល​បើក​ដំណើរការ​ព្រឹត្តិការណ៍​បុណ្យ​ខ្លែង​បន្ទាយស្រី នៅ​ភូមិ​សសី ដែលជា​ភូមិ​បូរាណ​ដែល​មិនសូវ​បាន​គេ​ស្គាល់​។ តាមពិត​ភូមិ​នេះ​កាលពី​ដើមឡើយ ល្បី​ខាង​ផលិត​កុលាលភាជន៍​នា​សម័យអង្គរ បាន​បន្សល់​ស្លាកស្នាម​នៅឡើយ ស្ថិតនៅ​តំបន់​ជើងភ្នំ នៃ​ឃុំ​ត្បែង និង​កៀក​ជិត​ទៅនឹង​ជួរ​ភ្នំ​គូលែន ដែល​ថ្ងៃ​ពេញ​បូរ​មី នៃ​ខែ​ខ្លះ​គេ​អាច​គយគន់​ព្រះ​ច័ន្ទ​រះ​ត្រដែត​ពី​ខាងក្រោយ​ភ្នំ​យ៉ាងច្បាស់​ផងដែរ​។​

​លោក ឃឹម ហ្វី​ណង់ បញ្ជាក់ថា​៖ ការជ្រើសរើស​យក​ភូមិ​សសី នៃ​ឃុំ​ត្បែង រៀបចំ​បង្កើត​ព្រឹត្តិការណ៍​នេះ គឺ​ដោយសារតែ​ជា​ភូមិ​បូរាណ​នេះ មាន​ភាព​អំណោយផល​ទាំង​ពេលវេលា អំណោយផល​ទាំង​ទីតាំង និង​នៅជាប់​ជាមួយ​សម្រស់​ធម្មជាតិ នៃ​ជើងភ្នំ​គូលែន​ផងដែរ ដែល​ទាំងនេះ វា​មិន​ទាមទារ​ឲ្យ​មាន​ភាពស្មុគស្មាញ​ក្នុងការ​រៀបចំ និង​មិនមាន​ហានិភ័យ​ខ្ពស់​ទៅដល់​ការព្រួយបារម្ភ​អំពី​កូ​វីដ​-១៩​។ ជាពិសេស​បងប្អូន​អ្នកទេសចរ​អាច​បោះតង់ និង​ស្នាក់អាស្រ័យ​ពេលយប់​ដោយ​ក្តី​សោមនស្ស​រីករាយ​ផងដែរ​។

​ការ​បង្ហោះ​ខ្លែង​គឺជា​ល្បែង​កំសាន្ត​របស់​ដូនតា​ខ្មែរ​តាំងពី​បូរាណ​កាល​មក និង​បាន​ដក់​ជាប់​ព្រមទាំង​រក្សាទុក​នៅក្នុង​សង្គម​ខ្មែរ​ជា​ប្រពៃណី​ប្រចាំ​រដូវ​កាល រហូតដល់​បច្ចុប្បន្ន ។ បងប្អូន​នៅតាម​សហគមន៍​ជនបទ ចាត់ទុក​ការ​បង្ហោះ​ខែ្ល​ង​បង្ហាញថា ជា​រដូវ​អស់​ទឹកភ្លៀង និង​សុំ​កុំ​ឲ្យ​មេឃ​បញ្ជូន​ទឹកភ្លៀង ព្រោះ​អ្នកស្រុក​ត្រូវការ​ពេលវេលា​ប្រមូល​ភោគផល​កសិកម្ម ដែលជា​ប្រពៃណី និង​ជា​ជំនឿ យ៉ាង​ដូច្នេះហើយ ដែល​រដ្ឋបាល​ស្រុក​គិតថា បុណ្យ​ខ្លែង គឺជា​ព្រឹត្តិការណ៍​ដែល​ភ្ញៀវ​ទស​ចរ មានការ​ចាប់អារម្មណ៍​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​បុណ្យ​ខ្លែង​បន្ទាយស្រី​ឆ្នាំ​ដំបូង​នេះ មានការ​បង្ហោះ​ខ្លែងឯក​ចំនួន​ជាង​២០​ខ្លែង ក្រោម​ការចូលរួម​ដោយ​សមាគម​អភិវឌ្ឍ និង​អភិរក្ស​ខ្លែង​ខ្មែរ​។ ក្រៅពី​ការ​បង្ហោះ​ខ្លែងឯក ក៏ត្រូវ​បាន​បង្ករ​ឱកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចេះ​ធ្វើ​ខ្លែង​ខ្លួនឯង អាច​ចូលរួម​បង្ហោះ​កំសាន្ត​បាន ហើយ​កម្មវិធី​នេះ ក៏មាន​ស្តង់​ដាក់លក់​ខ្លែង​តូចៗ សម្រាប់​កុមារ និង​យុវវ័យ ជាវ​យកទៅ​បង្ហោះ​លេង​ជា​លក្ខណ​:​គ្រួសារ​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close