ចាប់បានហើយក្រុមចោរប្លន់អ្នកលក់ឡេ អ៊ាន សៀវម៉ី
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានតាមចាប់ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី បានហើយ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដកហូតបាននូវអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន។
ការចាប់ក្រុមចោរប្លន់នោះ ធ្វើឡើង នៅក្នុងវីឡាមួយ ស្ថិតនៅក្នុងបុរី ប៉េងហួត ផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមព័ត៌មានទទួលបាន គឺសមត្ថកិច្ចក្របួចបានមនុស្សស្រីប្រុសសរុប ៩ នាក់ ក្នុងនោះស្រី ៣ នាក់ ។
សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមចោរ មានគ្នា ៤នាក់ បានជិះឡានទំនើបមួយគ្រឿង ចូលប្លន់ដល់ក្នុងភូមិគ្រឹះរបស់ឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី នៅក្នុងបុរីមូនថោន ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្ការ បន្ទាប់មកក្រុមចោរប្លន់នោះ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ដោយសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។