ក្រសួង​ការងារ ចូលរួម​កែលំអ​រថយន្ត​ដឹក​កម្មករនិយោជិត ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព

​ភ្នំពេញ​៖ សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី “​លទ្ធភាព​ក្នុងការ​ផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករនិយោជិត​ប្រភេទ​រថយន្ត​ដឹកទំនិញ មកជា​រថយន្ត​ដែលមាន​សុវត្ថិ​ភាពប្រសើរ​ជាង​” ដែល​បានរៀបចំ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកឡើងថា សិក្ខាសាលា​រយៈពេល​ពេញ​មួយថ្ងៃ​នេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​សុ​វត្ថិ​ភាព ផាសុកភាព និង​សណ្តាប់ធ្នាប់​ដល់ក​ម្មករ​និយោជិត ដែល​ធ្វើដំណើរ​តាម​រថយន្ត ដោយ​ឯកឧត្តម ស្នើ​ដល់ គ្រប់​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​បង្កើន​នូវ​កិច្ចសហការ​តាម​គ្រប់​រូបភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ចូលរួម​ការកែលំអ​រថ​យន្ត​ដឹក​កម្មករនិយោជិត​នេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

​សិក្ខាសាលា​នេះ គឺជា​ការបង្កើត​វេទិកា​ដ៏​មាន​សារៈសំខាន់ និង​អាច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ពិភាក្សាគ្នា ផ្លាស់ប្តូរ​មតិយោបល់ និង​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ ដែលជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការកែលំអ​ប្រភេទ​រថយន្ត​ដឹក​កម្មករនិយោជិត ឲ្យ​បាន​សមស្រប​ទៅតាម​លក្ខ​ណៈ​បច្ចេកទេស និង​តាម​ស្ថានភាព​បច្ចុប្បន្ន​ក្នុង​កម្រិតស្តង់ដា​មួយ​ដែល​អាច​ទទួលយកបាន ដើម្បី​ឲ្យ​ការដឹកជញ្ជូន​កម្មករ​និយោជិត​មាន​សុវត្ថិភាព ផាសុកភាព និង​សណ្តាប់ធ្នាប់​កាន់តែ​ល្អប្រសើរ​ជាង​មុន​។

មួយវិញទៀត សិក្ខាសាលា​នេះ នឹង​ជួយ​ជំរុញ​លើ​ការផ្សព្វផ្សាយ​នូវ​ដំណោះស្រាយ និង​អនុសាសន៍​ដល់​អ្នកពាក់ព័ន្ធ ជាពិសេស​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​សម្រាប់ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព ចរាចរណ៍​សម្រាប់​កម្ម​ករ​និយោជិត ព្រមទាំង​សម្របសម្រួល​ឲ្យ​មានការ​ព្រមព្រៀង​ពី​ភាគី​ពាក់ព័ន្ធ អំពី​ផែនការ​នៃ​សកម្មភាព ក្នុងការ​ផ្លាស់ប្តូរ​រថ​យន្ត​ដឹក​កម្មករនិយោជិត​ពី​ប្រភេទ​រថយន្ត​ដឹកទំនិញ​មកជា​រថយន្ត​ដែលមាន​សុវត្ថិ​ភាពប្រសើរ​ជាង​នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ មកលើ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករនិយោជិត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​យកចិត្តទុកដាក់​ទៅដល់​សុវត្ថិភាព​របស់​កម្មក​រ​និយោជិត​ដោយបាន​គិតគូរ​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើងទៅ​លើក​ម្មក​រ​និយោជិត​នាពេល​ធ្វើដំណើរ និង​ធ្វើ​ការជំរុញ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ម​ធ្យោ​យ​បាយ​ដឹកជញ្ជូន​កម្មករនិយោជិត ដោយ​ការប្រើប្រាស់​រថយន្ត​ជា​ប្រភេទ​ដឹក​អ្នកដំណើរ ការរៀបចំ​ឲ្យ​មាន​កៅអីអង្គុយ​ឲ្យ​បាន​សមស្រប និង​ការសហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​តាមដាន​ត្រួតពិនិត្យ​លក្ខណៈ​ទៅលើ​រថយន្ត​ដឹក​កម្មករនិយោជិត​ជាប្រចាំ​។

ដើម្បី​ឲ្យ​ការអនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្កើត​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករនិយោជិត​(​ស​.​ផ​.​ក​) នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ដែលមាន​សមាស​ភាពជា​ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​កំណត់​មូល​ហេតុដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់ និង​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ទៅដល់​កម្មករនិយោជិត និង​អ្នកបើកបរ​ដឹក​កម្មក​រ​ឲ្យ​ចំ​គោលដៅ ក្នុងន័យ​ចូលរួម​កាត់បន្ថយ​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅលើ​កម្មករនិយោជិត និង​ធានា​នូវ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​សុខុមាលភាព​។

​ដើម្បី​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន​កម្ម​ករ​និយោជិត ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន ដោយ​ក្នុងនោះ​៖
– សូម​បន្ត​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​អនុសាសន៍​ទី​៩ ក្នុងចំណោម​អនុសាសន៍​ទាំង​១០​ចំណុច ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ក្នុងកំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​ជាង​១​លាន ចំនួន ៧៧​លើក ដែល​អនុសាសន៍​ទី​៩​នោះ​គឺ បន្ត​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​បង​ប្អូន​កម្មករនិយោជិត ការរៀបចំ​កែសម្រួល​មធ្យោបាយ​ដឹកជញ្ជូន និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​
– ជំរុញ​ឲ្យ​អ្នកបើកបរ​រថយន្ត​ប្រភេទ​ដឹកទំនិញ ដែល​ដឹក​កម្មករនិយោជិត ប្តូរ​មកប្រើប្រាស់​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ​
– ជំរុញ​ឲ្យ​អ្នកបើកបរ​រថយន្ត​ប្រភេទ​ដឹកទំនិញ​ដែល​ដឹក​កម្មករ​ឈរ កែច្នៃ​ឲ្យ​មាន​កៅអីអង្គុយ ស្របតាម​លក្ខណៈ​បច្ចេកទេស​
– ជំរុញ​ឲ្យ​អ្នកបើកបរ​យក​រថយន្ត​ដឹក​កម្មករនិយោជិត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​តាមច្បាប់​កំណត់​
– ជំរុញ​ឲ្យ​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ​ឲ្យ​មាន​ប័ណ្ណបើកបរ​ស្របតាម​ប្រភេទ​យាន​
– លើកកម្ពស់​សមត្ថភាព​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករនិយោជិត តាមរយៈ​ការ​បំប៉ន​ជំនាញ​បើកបរ​រថយន្ត ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុង​ការបើកបរ​យានយន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close