តុលាការ​មី​យ៉ាន់​ម៉ា លើក​ពេល​សាលក្រម ក្នុង​សំណុំរឿង​លោកស្រី អោ​ង​សាន ស៊ូ​ជី ទៅ​សប្តាហ៍​ក្រោយ​

ណៃ​ពិដោ​៖ តុលាការយោធា​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ពន្យារពេល​ការប្រកាស​សាលក្រម​ថ្មី​ផ្សេងទៀត នៅក្នុង​សំណុំរឿង​របស់លោក​ស្រី អោ​ង សាន ស៊ូ ជី ទៅកាន់​ថ្ងៃទី​២៧ ខែធ្នូ វិញ ដោយ​គ្មាន​ការពន្យល់​ពី​មូលហេតុ​ឡើយ​។​

​ការពន្យារពេល​ខាងលើ ធ្វើឡើង​ក្រោយ​លោកស្រី ស៊ូ​ជី អាយុ​៧៦​ឆ្នាំ ដែលជា​អតីត​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ ត្រូវបាន​តុលាការយោធា​មី​យ៉ាន់​ម៉ា កាត់ទោស​កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ០៤​ឆ្នាំ​ពីបទ​ញុះញង់​ឱ្យមាន​ការប្រព្រឹត្ត​អំពើហិង្សា និង​បំពាន​វិធានការ​ទប់ស្កាត់​ជំងឺ COVID-19​។ ប៉ុន្តែ​ការកាត់ទោស​របស់លោក​ស្រី ក្រោយមក​ត្រូវបាន​បន្ថយ​មក​ត្រឹម​០២​ឆ្នាំ​វិញ នៃ​ការឃុំខ្លួន​នៅ​ទីតាំង​បច្ចុប្បន្ន​របស់លោក​ស្រី ដែល​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ឡើយ​។​

​សូមជម្រាបថា តុលាការយោធា​មី​យ៉ាន់​ម៉ា​ត្រូវ​ប្រកាស​សាលក្រម​ពាក់ព័ន្ធ​បទចោទប្រកាន់​ចំនួន ២​ផ្សេងទៀត​របស់លោក​ស្រី ស៊ូ ជី រួមមាន​ពីបទ​កាន់កាប់​ដោយ​ខុសច្បាប់​នូវ​ឧបករណ៍​វិទ្យុទាក់ទង និង​ឧបករណ៍​កាត់ផ្តាច់​រលក​សញ្ញា ដែល​អាច​មានទោស​អតិបរមា​ជាប់ពន្ធនាគារ​រយៈពេល ០៣​ឆ្នាំ សម្រាប់​បទចោទប្រកាន់​ទីមួយ និង​រយៈពេល ០១​ឆ្នាំ​សម្រាប់​បទចោទប្រកាន់​ទី​២​។ បើតាម​ប្រភព​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ចៅក្រម​មិនបាន​ប្រាប់​ពី​ហេតុផល​នៃ​ការពន្យារពេល​ខាងលើនេះ​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close