កម្ពុជា វៀតណាម ចុះហត្ថលេខា​ពាក់ព័ន្ធ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម ត្រាន់ គ័ក​ខា​ញ់ អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម បាន​ចូលរួម​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពាក់ព័ន្ធ​នឹង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ក្រោម​សក្ខីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម​ប្រធាន​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ បញ្ជាក់​អំពី​ការបញ្ចប់​ការចរចា​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន កម្ពុជា ជាមួយនឹង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ព្រមទាំង​ជា​ឯកសារ​តម្រង់ទិស​សម្រាប់​ភាគី​ទាំងពីរ​បន្ត និង​ព​ន្លឿ​ន​ការបំពេញ​នីតិវិធី​ផ្ទៃក្នុង ដើម្បី​ឈានទៅដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​គួរបញ្ជាក់​ជូន​ផងដែរ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​នេះ សំដៅ​ធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​, ពង្រឹង​មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​, បង្កើត​នូវ​ការតភ្ជាប់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្ថិរភាព និង​ភាព​យូរអង្វែង​សម្រាប់​ភាគី​ទាំងពីរ និង​បង្កើត​លក្ខខណ្ឌ​អំណោយផល​ដល់​ពាណិជ្ជករ​នៃ​ភាគី​ទាំងពីរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close