ផ្លែ​មៀន​របស់​កម្ពុជា នឹង​នាំចេញ​ដោយផ្ទាល់​ទៅ​ទីផ្សារ​ចិន

ភ្នំពេញ​៖ តាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​វឌ្ឍនភាព​នៃ​ការចរចា​បើក​ទីផ្សារ​ផ្លែ​មៀន​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន របស់​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ថា​បច្ចុប្បន្ន​ដំណើរការ​ចរចា​បើក​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឈានដល់​ដំណាក់កាល​វាយតម្លៃ​ហានិភ័យ​ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​។ ដើម្បី​មានលទ្ធភាព​ចរចា​បើក​ទីផ្សារ​ឱ្យបាន​លឿន ឈានដល់​ការអនុញ្ញាត​នាំ​ចូលទៅ​ប្រទេស​ចិន ចាំបាច់​ត្រូវបំពេញ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ស្តង់ដារ​គុណភាព និង​សុវត្ថិភាព​ឱ្យបាន​ពេញលេញ ដែល​ទាមទារ​ឱ្យ​ម្ចាស់​ចម្ការ​ត្រូវអនុវត្ត​បច្ចេកទេស​ដាំ​ដុះ​តាម​គោលការណ៍​នៃ​ការអនុវត្ត​កសិកម្ម​ល្អ និង​ត្រូវមាន​ការវិនិយោគ​សាងសង់​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​តាម​ស្តង់ដារ​កំណត់​ឱ្យបាន​គ្រប់គ្រាន់​។​

​ជាការ​ឆ្លើយតប អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​យល់ព្រម​អនុវត្ត​ដំណើរការ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​មៀន​ប៉ៃលិន​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​វីដេអូ តាម​ការស្នើសុំ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយមាន​ការចូលរួម​ចុះ​ពិនិត្យ​ផ្ទាល់ ពី​តំណាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។ ដំណើរការ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន គ្រោង​នឹង​ប្រព្រឹត្ត​នៅក្នុង​សប្តាហ៍​ទី​១ នៃ​ខែមករា ឆ្នាំ​២០២២ ខាងមុខនេះ ដោយ​ធ្វើការ​ជ្រើសរើស​សម្រិតសម្រាំង​យក​ចម្ការ​មួយចំនួន​ជា​តំណាង និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ ដែល​បច្ចុប្បន្ននេះ​មាន​រោងចក្រ​តែមួយ​បាន​សាង់សង់​រួច មាន​ទីតាំង​នៅក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​វាយតម្លៃ​បញ្ចប់​ដំណាក់កាល វិភាគ​ហានិភ័យ​មុននឹង​បន្ត​នីតិវិធី​រៀបចំ​ចុះហត្ថលេខា​លើ​ពិធីសារ​បច្ចេកទេស​។​

​ក្នុង​បរិការណ៍​នេះ​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ម្ចាស់​ចម្ការ សហគមន៍​កសិកម្ម មៀន​ប៉ៃលិន និង​ម្ចាស់​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ ត្រៀមលក្ខណៈ​ជាស្រេច​ចូលរួម​សហការ​ជាមួយ​មន្ត្រី អគ្គនាយកដ្ឋាន​កសិក​ម្ម ដើម្បីឱ្យ​ដំណើរការ​វាយតម្លៃ​ការវិភាគ​ហានិភ័យ​ពី​ចម្ងាយ​នេះ ទទួលបាន​លទ្ធផល​ល្អ​និង​ជោគជ័យ តាម​ផែនការ​គ្រោងទុក​។ ទន្ទឹមនឹងនេះ ក្រសួង​អំពាវនាវ​ដល់​ម្ចាស់​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ ចាប់ផ្តើម​រួសរាន់​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី ដើម្បី​ស្នើសុំ​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ប្រទេស​ចិន​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​។​

​សូមជម្រាបថា កន្លងមក​មៀន​កម្ពុជា ត្រូវបាន​នាំចេញ​ទៅ​ចិន​ដោយ​ក្រុមហ៊ុន​របស់​ប្រទេសជិតខាង​តែប៉ុណ្ណោះ ដោយសារតែ​បញ្ហា​លក្ខខណ្ឌ​ភូតគាម​អនាម័យ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​កម្ពុជា មិនអាច​នាំចេញ​មៀន​ទៅ​ចិន​ដោយផ្ទាល់​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close