WHO បញ្ជាក់ថា គ្មាន​ប្រទេស​ណា អាច​ប្រើ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ដូ​ស​ជំរុញ ចាកចេញ​ពី​ជំងឺ​រាតត្បាត​បាន​នោះទេ​

​ស្វី​ស​៖ អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​ថា ការប្រញាប់​ប្រញាល់​នៅក្នុង​ប្រទេស​អ្នកមាន ដើម្បី​ដាក់ចេញ​នូវ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំ​ងឹ​កូ​វីដ​១៩​ដូ​ស​ជំរុញ បានធ្វើអោយ​មាន​ភាពមិន​ស្មើគ្នា ក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង​ចំពេល​កំពុងមាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​។​

FILE PHOTO: World Health Organization (WHO) Director General Tedros Adhanom Ghebreyesus speaks during a bilateral meeting with Swiss Interior and Health Minister Alain Berset on the sidelines of the opening of the 74th World Health Assembly at the WHO headquarters, in Geneva, Switzerland May 24, 2021. Laurent Gillieron/Pool via REUTERS

​ជាមួយគ្នានេះ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ថេ​ដ្រូ​ស អា​ដាណ​ម បាន​និយាយ​អះអាងថា គ្មាន​ប្រទេស​ណាមួយ​អាច​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដូ​ស​ជំរុញ ដើម្បី​ចាកចេញ​ពី​ជំងឺ​រាតត្បាត​បាន​នោះទេ​។

​លោក ថេ​ដ្រូ​ស បន្តថា កម្មវិធី​ដូ​ស​ជំរុញ​ទំនងជា​នឹង​បន្លាយពេល​ជំងឺ​កូ​វីដ​១៩​ជាជាង​បញ្ចប់​វា បើ​នៅតែ​បង្វែរ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ទៅកាន់​ប្រទេស​ដែលមាន​កម្រិត​ចាក់​វ៉ាក់សាំង​ខ្ពស់​រួចទៅហើយ ដែល​វា​ផ្តល់ឱកាស​ឱ្យ​មេរោគ​កាន់តែ​ឆ្លង​រាលដាល និង​ប្រែ​រូប​កាន់តែច្រើន​។

​លោក ថេ​ដ្រូ​ស បន្ថែមថា ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ មិនគួរ​ត្រូវបាន​មើលឃើញថា ផ្តល់​សេរីភាព​ពេញទី​នោះទេ ហើយ​ថា ដូ​ស​ជំរុញ​មិនអាច​ត្រូវបាន​មើលឃើញថា ជា​សំបុត្រ​ដើម្បី​បន្ត​ការអបអរ​ដែល​បាន​គ្រោងទុក​ចុងឆ្នាំ​នោះទេ​។

​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏បាន​ព្រមាន​ដែរ​ថា ការអបអរ​ដំណាច់ឆ្នាំ​ដោយ​គ្មាន​ការទប់ស្កាត់ នៅតែ​អាច​ក្លាយជា​ប្រភព​ដ៏​សំខាន់​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មីៗ​។ ការគំរាមកំហែង​នៃ​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង កំពុង​លេច​ស្រមោល​ខ្លាំង​ឡើង​នៅមុន​ថ្ងៃ​ឈប់សម្រាក​ចុងឆ្នាំ ដោយ​ជំ​រុញឱ្យ​រដ្ឋាភិបាល​ជាច្រើន​ដាក់ចេញ​ការ​រឹតបន្តឹង​ថ្មី និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​ទទួល​ថ្នាំ​បង្ការ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close