ខេត្តសៀមរាប បាន​នឹង​កំពុង​តុបតែង​លម្អរ សម្រាប់​ឆ្លង​ឆ្នាំ​សកល នាពេលខាងមុខ ស្រប​ពេលដែល​ផ្លូវ ៣៨​ខ្សែ គ្រោង​នឹង​បញ្ចប់​!

​ខេត្តសៀមរាប​៖ ខេត្តសៀមរាប បាន​នឹង​កំពុង​រៀបចំ តុបតែង​លម្អ​ផ្លូវ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​សៀមរាប​ឱ្យ​កាន់តែ​ស្រស់ត្រកាល​ឡើងវិញ ដោយ​បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ និង​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍ ព្រមទាំង​រៀបចំ​តុបតែង​សួន​ស្ពាន​ព្រះរាជដំណាក់ ដើម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២២ ស្របពេល​ផ្លូវ​៣៨​ខ្សែ​គ្រោង​នឹង​បញ្ចប់​តាម​ផែន​ការដែល​បានគ្រោង​ទុក​។

​ការរៀបចំ​លម្អ​នេះដែរ​ជាការ​រំលេច​នូវ​សោភ័ណភាព​បៃតង​នៅតាម​ដងស្ទឹង តាម​រុក្ខវិថី​នានា​ក្នុង​ក្រុង បរិវេណ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក៏ដូចជា​នៅតាម​សួនច្បារ ដើម្បី​រៀ​ចំ​ភ្លើង​នាពេល​រាត្រី​ឱ្យ​កាន់តែ​មានការ​ទាក់ទាញ​អារម្មណ៍​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​មក​ទស្សនា​កម្សាន្ត ក្នុងឱកាស​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២២ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​ផងដែរ​។ ម្យ៉ាងទៀត ក៏​ជា​ចំណែក​ក្នុង​ការជួយ​ជំរុញ និង​ផ្សព្វផ្សាយ​ពី​សត្តា​នុព​ល​របស់​ខេត្តសៀមរាប ក្នុងការ​ស្តារឡើងវិញ​នូវ​រាល់​វិស័យ​ក្នុង​ខេត្តសៀមរាប​។

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ថែរក្សា​បរិស្ថាន និង​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ដេ​ី​ម្បី​សក្តិ​សមជា​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close