១១​ខែ ឆ្នាំនេះ​! គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ៥៣៣​លើក អ្នកស្លាប់​ថយចុះ ១៦២​នាក់ និង​អ្នករបួស​ថយចុះ ១ ១២០​នាក់​

​ខេត្តកំពង់ចាម​៖ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ តូច ចាន់​កុសល តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​អមដំណើរ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៦ ដែល​បាន​ប្រព្រឹត្តទៅ​ខេត្តកំពង់ចាម​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យដឹងថា នៅក្នុង​ឆ្នាំ ២០២០ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បាន​ថយចុះ​ចំនួន​៩៤២​លើក ស្មើនឹង​២៣% អ្នកស្លាប់ បាន​ថយចុះ​ចំនួន​៣៣៥​នាក់ ស្មើនឹង​១៧% អ្នករបួស​ថយចុះ​ចំនួន​១៤៥៥​នាក់ ស្មើនឹង​២៤% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​។
​ដោយឡែក ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២១ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ចំនួន​៥៣៣​លើក ស្មើនឹង​១៨% អ្នកស្លាប់​ថយចុះ​ចំនួន​១៦២​នាក់​ស្មើនឹង​១១% អ្នករបួស​ថយចុះ​ចំនួន​១១២០​នាក់ ស្មើនឹង​២៦%​។​

​ក្នុងឱកាស​នោះដែរ សម្ដេច​ក្រឡ​ហោម បាន​លើកឡើងថា រាជរដ្ឋាភិបាល​បានសម្រេច​កំណត់​យក​លក្ខណៈសម្បត្តិ​មួយ​ក្នុងចំណោម​លក្ខណៈសម្បត្តិ​៧​ចំណុច នៃ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព គឺជា​ភូមិ ឃុំ សង្កាត់ ដែល​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ចាត់ទុក​គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតក្នុង​ចង្កោម​បញ្ហា​ជា​អាទិភាព ដែល​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ ដើម្បី​ធានា​ឱ្យ​ជន​គ្រប់រូប និង​សង្គម​ទាំងមូល​មាន​សុវត្ថិភាព​ល្អប្រសើរ ជីវភាព​រុងរឿង និង​សុខដុម​រម្យ​នា​។​

​សម្ដេច​ក្រឡាហោម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​ចូលរួម​ថែមទៀត​ក្នុង​ការគោរព​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់ ដើម្បី​ភាព​សុខដុម​រម្យ​នា​ក្នុង​គ្រួសារ និង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​រួមគ្នា​លើកកម្ពស់​កិត្តិយស​សេចក្តីថ្លៃថ្នូ​ររ​បស់​ប្រទេសជាតិ​យើង​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close