មជ្ឈមណ្ឌលទិន្នន័យ បែបទំនើបស្របតាមស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់មួយ ត្រូវបានក្រសួងពាណិជ្ជកម្ម ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ!
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងកាត់ខ្សែបូរដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលទិន្នន័យថ្មី បែបទំនើបស្របតាមស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់មួយ របស់ក្រសួងពាណិជ្ជកម្ម ជាមួយគ្នានឹងកម្មវិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ ជាសមិទ្ធិផលថ្មីមួយទៀតដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងឆ្នាំ២០២១ ហើយវាមានសមត្ថភាព និងសុវត្ថិភាពខ្ពស់ ក្នុងពង្រីកសមត្ថភាព (Scalability) និងរក្សារឯកជនភាពទិន្នន័យ ដែលរក្សារនៅក្រសួងពាណិជ្ជកម្ម។ តាមសមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ វាអាចធានា និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងបានយ៉ាងហោចណាស់០៣ (បី) ឆ្នាំទៅមុខទៀត ក្នុងការរក្សាទុកប្រព័ន្ធទិន្នន័យសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម។ មជ្ឈមណ្ឌលទិន្នន័យថ្មីនេះបានរៀបចំជា ០២(ពីរ)ផ្នែកសំខាន់គឺ៖ ផ្នែកទី១ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ (Data Center Facilities) និង ផ្នែកទី២ ផ្នែកព័ត៌មានវិទ្យា (Information Technology Equipments)។
ឧបករណ៍ទាំងអស់នោះរួមមាន៖ ម៉ាស៊ីនផ្ទុកទិន្នន័យ, ម៉ាស៊ីនមេ, ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងប្រព័ន្ធសុវត្ថិភាពបណ្តាញដូចជា Firewall និងឧបករណ៍ប្រឆាំងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត។ ក្នុងនោះម៉ាស៊ីនមេ មាន CPU ចំនួន ២៨៨ Core, RAM រហូតដល់ ២TB និងអង្គផ្ទុកទិន្នន័យ (Storage) រហូតដល់ ១៥៤TB ដែលអាចផ្ទុកម៉ាស៊ីននិម្មិត (Virtual Machine) ជាមធ្យម ចន្លោះពី ១០០ ទៅ ១៥០។
លើសពីនេះ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យារបស់ក្រសួង បានតម្លើងប្រព័ន្ធឆ្លាស់ Active-Active និង Active Standby ទៅលើប្រតិបត្តិការទាំងអស់របស់ឧបករណ៍ ព្រមទាំងបានតម្លើងនូវប្រព័ន្ធឆ្លាស់បម្រុង Load balance Link balance ដើម្បីធានាបាននូវនិរន្តភាពនៃប្រតិបត្តិការ និងការផ្តល់សេវាកម្មអនឡាញរបស់ក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ពីសារបានរបស់មជ្ឈមណ្ឌលទិន្នន័យនេះថា បន្ទាប់ពីក្រសួងពាណិជ្ជកម្មទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រុមការងារក្រសួងបានសិក្សា និងជ្រើសរើសក្រុមហ៊ុនរៀបចំដំឡើងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ដែលមានស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់ ហើយថវិកាក្នុងការក៏សាងឡើង (ក្រោមគម្រោងវិនិយោគផ្ទាល់) អស់ចំនួន៖ ៣.៩៩០.០០០.០០០រៀល (បីពាន់ប្រាំបួនរយកៅសិបលានរៀលគត់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។