ករណី​ឆ្លង​កូ​វីដ​១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​កើនឡើង​ខ្ពស់​នៅ​ឥណ្ឌា​

​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ បាន​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ បានស្នើ​ឱ្យ​បណ្ដា​រដ្ឋ​នានា​នៅ​ទូទាំងប្រទេស បង្កើន​ការផ្គត់ផ្គង់​អុកស៊ីសែន និង​ពង្រឹង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ករណី​ឆ្លង COVID-19 ដែល​បង្កឡើង​ដោយ​វីរុស​បំប្លែង​ថ្មី Omicron នៅមុន​រដូវ​កាល​បុណ្យ​នានា ចូលមក​ដល់ ខណៈដែល​ការប្រមូល​ផ្តុំគ្នា​នៅតាម​ទីសាធារណៈ និង​ទីផ្សារ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។​

​កាលពី​ថ្ងៃទី​២៣​ខែធ្នូ ក្រសួងសុខាភិបាល​ឥណ្ឌា បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី Omicron ថ្មីៗ​ចំនួន ១៦​ករណី​បន្ថែមទៀត​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ ដែល​ច្រើនជាង​ពីរដង បើ​ធៀប​ទៅនឹង​កាលពី​សប្តាហ៍​មុន នាំឱ្យ​ចំនួន​ករណី​ឆ្លង​សរុប នៃ​មេរោគ​បំប្លែង​ថ្មី​នេះ​នៅ​ទូទាំងប្រទេស​កើនឡើង​ដល់ ២៣៦​ករណី​។​

​រដ្ឋាភិបាល​ឥណ្ឌា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ក្រុមមន្ត្រី​ឱ្យ​ធានាថា ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​រដ្ឋ​នានា​ចាប់ផ្តើម​ពី​ថ្នាក់ស្រុក ត្រូវបាន​ពង្រឹង​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ណាមួយ​ដែល​បង្កឡើង​ដោយ​វីរុស​បំប្លែង​ថ្មី Omicron ដែល​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​រដ្ឋ​នានា​ក្នុងការ​ធានាថា ឧបករណ៍​ផ្គត់ផ្គង់​អុកស៊ីសែន​ត្រូវបាន​តំឡើង​រួចរាល់ និង​ប្រើប្រាស់​បាន​យ៉ាង​ល្អ​»​។​

​ខណៈ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពេញវ័យ​សរុប​របស់​ប្រទេស​ឥណ្ឌា ត្រូវ​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ (​ចំនួន ០២​ដូ​ស​) រួចរាល់ មនុស្ស​រាប់រយ​លាន​នាក់​នៅតែ​ស្ថិតក្នុង​ហានិភ័យ​ដដែល​។ ជុំវិញ​បញ្ហា​នេះ ក្រុម​វេជ្ជបណ្ឌិត បាន​ព្រមាន​ថា ប្រសិនបើ​រលក​ទី​៣ នៃ​ការឆ្លង COVID-19 ដែល​បង្កឡើង ដោយ​វីរុស​បំប្លែង​ថ្មី Omicron ពិតជា​វាយប្រហារ​ប្រទេស​មែន គ្រឿង​បរិក្ខារ​ពេទ្យ អាច​ប្រើប្រាស់​អស់យ៉ាង​លឿន​បំផុត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close