ជើងហោះហើរជាង ៦ពាន់ ត្រូវបានលុបចោល ដោយសារព្រួយបារម្ភពីវីរុសបំប្លែងថ្មី អូមីក្រុង
វ៉ាស៊ីនតោន៖ ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលទូទាំងពិភពលោកកាលពីចុងសប្តាហ៍ថ្ងៃបុណ្យណូអែល ដោយសារតែការរីករាលដាលនៃវីរុសបំប្លែងថ្មី អូមីក្រុង និងកង្វះបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍។ សារព័ត៌មាន CNN បានរាយការណ៍ថា ជើងហោះហើរជាង ៦ពាន់ជុំវិញពិភពលោកត្រូវបានលុបចោលនៅចុងសប្តាហ៍ថ្ងៃបុណ្យណូអែល ចំពេលមានការកើនឡើងវីរុសកូវីដ១៩ និងកង្វះបុគ្គលិក។
ជើងហោះហើររាប់រយត្រូវបានលុបចោលផងដែរនៅថ្ងៃបុណ្យណូអែល ដែលបំផ្លាញផែនការរបស់ប្រជាជនក្នុងការចំណាយពេលថ្ងៃបុណ្យណូអែលជាមួយសាច់ញាតិរបស់ពួក។ អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរួមមាន United, JetBlue និង Delta បានប្រាប់កាសែត New York Times កាលពីថ្ងៃអាទិត្យថា ជើងហោះហើរកំពុងត្រូវបានលុបចោលដោយសារការព្រួយបារម្ភអំពីការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ក្នុងចំណោមបុគ្គលិក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta ក៏បានប្រាប់កាសែត The NYT ថា ក្រុមហ៊ុនអាកាសចរណ៍រំពឹងថា នឹងលុបចោលជើងហោះហើរយ៉ាងហោចណាស់ ៤០ នៅក្នុងថ្ងៃចន្ទដើមសប្តា៍នេះ។
ទន្ទឹមនេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើនបានអំពាវនាវដល់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ឱ្យកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានវ៉ាក់សាំងពេញលេញ ដើម្បីជម្នះបញ្ហានេះ ដោយសារតែការរីករាលដាលនៃវីរុស អូមីក្រុង ប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពរបស់ក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។