សារមន្ទីរ ព្រះមហា​វិមលធម្ម ពិន សែម រាជ​បូ​ណ៌ នឹង​តម្កល់​បុរាណវត្ថុ​មរតក​បុព្វបុរស​ខ្មែរ

​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក សមាជិក​ថេរ​សភា​ព្រះពុទ្ធសាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប មាន​ថេរ​ដីកា​ថា ដោយសារ​ទឹក​ព្រះទ័យ​ស្រឡាញ់​ពេញចិត្ត​គ្រឿង​បុរាណវត្ថុ​ដែលជា​បេតិកភណ្ឌ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​បុព្វបុរស​ខ្មែរ មាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ​នោះ ព្រះអង្គ​បាន​ខិតខំ​ស្វែង ប្រមូល​រក្សាទុក​បុរាណវត្ថុ​ទាំងនោះ​តាំងពី​អំឡុង​ឆ្នាំ​១៩៨០ រហូតដល់​បច្ចុប្បន្ន​។

​បុរាណវត្ថុ​ដែល​ព្រះអង្គ​បាន​ប្រមូល​រក្សាទុក​រួមមាន​ជាវ​ត្ថុ​សាង​ពី ថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេព​រូប ព្រះ​ពុទ្ធរូប និង​គ្រឿង​កុល្លាលភាជន៍​នានា​រក្សាទុក​ក្នុង​វត្ត​រាជ​បូ​ណ៌​ដើម្បី​រក្សាទុក​និង​តាំង​បង្ហាញ​ក្នុង​អគារ​សារមន្ទីរ​នៅក្នុង​វត្ត​រាជ​បូ​ណ៌​នេះ​។ សារមន្ទីរ​នេះ​មាន​ឈ្មោះថា​សារមន្ទីរ ព្រះមហា​វិមលធម្ម ពិន សែម រាជ​បូ​ណ៌ ជា​សារមន្ទីរ​ព្រះពុទ្ធសាសនា ដើម្បីឱ្យ​មនុស្សជាតិ​ទាំងអស់​នៅលើ​ពិភពលោក​បានឃើញ​នូវ​សា្ន​ដៃ​សិល្បៈ​ដែល​បន្សល់​ពី​បុព្វបុរស​ខ្មែរ​។​

​ព្រះអង្គ​មាន​ថេរ​ដីកា​បន្តថា ព្រះអង្គ​មាន​ព្រះទ័យ​នេះ​យូរហើយ​ទើបតែ​នៅក្នុង​ឆ្នាំ​២០២១​នេះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​មក​ទស្សនកិច្ច​ក្នុង​វត្ត​រាជ​បូ​ណ៌ បានឃើញ​គ្រឿង​បុរាណវត្ថុ​ទាំងនោះ លោកជំទាវ ក៏​សម្រេចចិត្ត​ជ្រោមជ្រែង​ក្នុងការ​កសាង​សារមន្ទីរ​ដើម្បី​សម​តាម​បំណង​របស់​ព្រះអង្គ​។​

​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះអង្គ​មាន​ថេរ​ដីកា​បន្តថា ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ចូលរួម​ជ្រោមជ្រែង​ក្នុង​ការងារ​សាងសង់​សារមន្ទីរ​សម្រាប់​តម្កល់​បុរាណវត្ថុ​ទាំងនេះ​។ ក្រៅពីនេះ ក៏​នៅមាន​សមិទ្ធផល​ចំនួន​ទៀត ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួយ​មកកាន់​វត្ត​រាជ​បូ​ណ៌ រួមមាន​៖ ការជួសជុល​ព្រះវិហារ និង​សាលាឆាន់​មួយ​ខ្នង ដែលមាន​អាយុកាល​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។​

​ដំណើរការ​សាងសង់​សា​រម​ន្ទីរ​ព្រះមហា​វិមលធម្ម ពិន សែម រាជ​បូ​ណ៌ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៩០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​អាច​នឹង​ចាប់ផ្តើម​ការសាងសង់​ក្នុង​ឆ្នាំ​២០២២​ខាងមុខ​។ បច្ចុប្បន្ន​ព្រះមហា​វិមលធម្ម ព្រះអង្គ​កំពុង​ប្រមែប្រមូល​នូវ​បច្ច័យ​ពី​សប្បុរសជន​នានា ដើម្បី​យកមក​កសាង​សារមន្ទីរ​មួយ​នេះ​។​

​សូមជម្រាបថា កាលពីដើម​ខែធ្នូ ឆ្នាំ​២០២១ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រគេន​នូវ​ប្លង់​ស្ថាបត្យកម្ម និង​បច្ច័យ​សរុប​ចំនួន​២​ម៉ឺន​ដុល្លារ ដែល​បាន​ពី​ការចូលរួម​របស់លោក​ជំទាវ​ផ្ទាល់ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ជូនទៅ​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ជាការ​រួមចំណែក​កសាង​សារមន្ទីរ និង​ដើម្បី​ព្រះអង្គ​ចាប់ផ្តើម ប្រមែប្រមូល​នូវ​បច្ច័យ​សប្បុរស​នានា​បន្ថែមទៀត​ក្នុង​ការកសាង​សារមន្ទីរ​ខាងលើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close