ចាប់ខ្លួនមេខ្យល់ ៣នាក់ ខណៈបម្រុងនាំពលករ ៨៨នាក់ ឆ្លងដែនចូលប្រទេសថៃខុសច្បាប់!
ខេត្តបាត់ដំបង៖ កាលពីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ខ្លួនមេខ្យល់ចំនួន ៣នាក់ និងពលករចំនួន ៨៨នាក់ទៀត ខណៈពួកគេបម្រុងលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ នៅត្រង់ចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រក្រុមទី០៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងនៅចំណុចភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់ចំនួន ០៣នាក់នោះ ១-ឈ្មោះ លាង ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅស្រុកសំពៅលូន, ២-ឈ្មោះ គូ សុផាត ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅស្រុកសំពៅលូន និង៣-ឈ្មោះ អ៉ឹម សុខខ្មុល ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅខេត្តពោធិ៍សាត់ (ជាតៃកុងឡាន)។
ដោយឡេកពលករទាំង ៨៨នាក់ មានស្រី ៤០នាក់ ក្មេង ២៤នាក់ និងស្រី ១៣នាក់ ពួកគេបានមកពីខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ និងបានបង់ថ្លៃ ធ្វើដំណើរឲ្យមេខ្យល់ទាំង ៣នាក់នោះ ក្នុងម្នាក់ ១.៥០០បាត។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ទាំង ៣នាក់ និងពលករ ៨៨នាក់ បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។