សាលក្រម​ផ្តន្ទាទោស លោកស្រី អោ​ងសាន ស៊ូជី ត្រូវ​ពន្យារពេល​ប្រកាស ទៅ​ខែមករា ឆ្នាំ​២០២២

​រ៉ង់​ហ្គូ​ន​៖ តុលាការយោធា​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​រាយការណ៍​ថា បាន​ពន្យារពេល​នៅ​ថ្ងៃ​ចន្ទ​នេះ ចំពោះ​ការប្រកាស​សាលក្រម​ផ្តន្ទាទោស អតីត​មេដឹកនាំ​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង គឺ​លោកស្រី អោ​ង សាន ស៊ូ ជី ពីបទ​ចោទប្រកាន់​ចំនួន ០២ រហូតដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ ខាងមុខនេះ​វិញ​។

​ពីដំបូង​ឡើយ តុលាការ​មី​យ៉ាន់​ម៉ា​បានគ្រោង​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោកស្រី អោ​ង សាន ស៊ូ ជី នៅ​ថ្ងៃ​ចន្ទ​នេះ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ លើ​ការកាន់កាប់​ដោយ​ខុសច្បាប់​នូវ​ឧបករណ៍​វិទ្យុទាក់ទង ដែលជា​បទចោទប្រកាន់​ទី ២ ក្នុងចំណោម​បទចោទប្រកាន់​រាប់សិប​ករណី​ទៀត ប្រឆាំងនឹង​រូបលោក​ស្រី ដោយ​សរុប​ចូលគ្នា​អាច​នាំ​ឲ្យ​អតីត​មេដឹកនាំ ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៦​ឆ្នាំ​រូបនេះ ជាប់ពន្ធនាគារ​រហូត​ដល់​ជាង ១០០​ឆ្នាំ​ឯណោះ​។ ប៉ុន្តែ​លោកស្រី ស៊ូ ជី បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​។

​ដោយឡែក ក្រុម​អ្នកគាំទ្រ​របស់លោក​ស្រី ស៊ូ ជី បាន​និយាយថា បទចោទប្រកាន់​ប្រឆាំងនឹង​លោកស្រី គឺ​គ្មាន​មូលដ្ឋាន ហើយ​ត្រូវបាន​បង្កើតឡើង ដើម្បី​បញ្ចប់​នូវ​បញ្ហា​ប្រឈម​ទាំងអស់ ដែល​លោកស្រី​បង្កឡើង ចំពោះ​ការឡើង​កាន់កាប់​អំណាច​របស់​យោធា​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា លោកស្រី ស៊ូ ជី ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ រយៈពេល ០២​ឆ្នាំ​រួចទៅហើយ ដែល​នាពេល​ឥឡូវនេះ លោកស្រី​កំពុងស្ថិត​នៅក្នុង​ការឃុំ​ខ្លួន នៅ​ទីតាំង​ដែល​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​ឡើយ បន្ទាប់ពី​ត្រូវបាន​តុលាការ​រកឃើញថា លោកស្រី​ពិតជា​មានទោស​កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​ការចោទប្រកាន់​ពីបទ ញុះញង់​ឱ្យមាន​ការប្រព្រឹត្ត​អំពើហិង្សា និង​បំពាន​លើ​វិធានការ​ទប់ស្កាត់​ជំងឺ COVID-19៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close