ACU រក​ឃើញ​ថា ស្នងការ​រង​ខេត្តកំពង់ឆ្នាំងស៊ុំ សុ​ជាតិ ​លក់​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​បាន​លុយ​ជាង​កន្លះ​លាន​ដុល្លារ

អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ (ACU) បាន​រក​ឃើញ​លោក​ឧត្តមសេនីយ៍ ស៊ុំ សុ​ជាតិ ស្នងការ​រង​នរ​គ​បាល​ខេត្តកំពង់ឆ្នាំង ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន់​កាន់កាប់​ដី​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប រក​ឃើញ​ថា បាន​កាន់កាប់ និង​ទន្ទ្រាន​ដី​ចំនួន​៣៨​ទីតាំង មាន​ទំហំ​ជិត​១​ពាន់​ហិ​កតា និង​លក់ដូរ​បាន​ប្រាក់​ចំនួន​ជាង​៥១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។

ក្នុង​របាយការណ៍​នៃ​កិច្ចប្រជុំ​លើក​ទី​៧ អាណត្តិ​ទី​៣ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ករណី​ប៉ះពាល់​លើ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ជុំវិញ​បឹង​ទន្លេសាប នៅ​ខេត្ត​ទាំង​៦​នោះ វរៈសេនីយ៍ឯក កែវ ណា​រុន ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នរ​គ​បាល​ខេត្ត​កំពង់​ឆ្នាំ និង​ឧត្តមសេនីយ៍ត្រី ស៊ុំ សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ជាប់​ពាក់ព័ន្ធ​បទល្មើស​ធំ​ៗ​ចំនួន​៣ ក្នុង​នោះ​រួម​មាន ៖១ បំផ្លាញ​ដោយ​ចេតនា និង​គៃ​បំបាក់​ដោយ​ទុច្ចរិត​, ២ ឈូស ឆាយ និង​ហ៊ុំ​ព័ន្ធ​ដី​ព្រៃ​លិច​ទឹក និង​៣ បទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ។

ជាង​នេះ​ទៅ​ទៀត អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ថា ឈ្មោះ ស៊ុំ សុ​ជាតិ នៅ​ត្រូវ​រង​នូវ​បទល្មើស​ថែម​មួយទៀត គឺ​បទ​សម្អាត​ប្រាក់ ។

ក្នុង​របាយការណ៍​ខាងលើ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ឧត្តមសេនីយ៍​ស្នងការ​រង ស៊ុំ សុ​ជាតិ ត្រូវ​បាន​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ រក​ឃើញ​ថា​បាន​កាន់កាប់ និង​ទន្ទ្រាន​ដី​ចំនួន​៣៨​ទីតាំង មាន​ទំហំ​ជិត​១០០០​ហិ​កតា (៩៥២,០២​ហិ​កតា​) ដោយ​ឈ្មោះ​នេះ​បាន​ធ្វើ​លិខិត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន​ត្រឹមតែ ៦៧៨​ហិ​កតា​ប៉ុណ្ណោះ ។

របាយការណ៍​បញ្ជាក់​ថា «​លោក ស៊ុំ សុ​ជាតិ បាន​លក់​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ចំនួន​៨​លើក បាន​លុយ​ជាង ៥១​ម៉ឺន​ដុល្លារ​» ។

សូម​រំលឹក​ថា អង្គភាព​ប្រឆាំង អំពើ​ពុក​រលួយ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​បាន​នាំ​ខ្លួន​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក កែវ ណា​រុន ប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មក​សាកសួរ​ពាក់ព័ន្ធ​ករណី​កាន់កាប់​ដី​ព្រៃ​លិច​ទឹក តំបន់​៣ នៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close